ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦
……………………………
ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ដែលមានដូចតទៅ៖
ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង។ ក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់ថា«ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល» ដោយសម្តេចបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធនិងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព នៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានាដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់។ សម្តេចធិបតីក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។
ការចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួបការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ គឺជាប្រពៃណីផ្សាភ្ជាប់ រួមសុខរួមទុក្ខ និងបម្រើប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមន្ត្រីអាជ្ញាធរដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ។
ទី២. ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ ដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅឯមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ ដែលស្ថិតក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់។ នេះជាការប្រកាសជូនដំណឹងរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។
ទន្ទឹមគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈសារពិសេសផ្ញើជូនប្រជាពលរដ្ឋខ្មែរបានគូសបញ្ជាក់ថា ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយបានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមគាំទ្រផ្ដល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់អំពីគោលបំណងនៃការអនុវត្តច្បាប់នេះ ដោយតម្លាភាព ស្មើភាព សម្រាប់យុវជនគ្រប់រូប។
ទី៣. ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិទី៤កម្ពុជានិងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំរបស់ភាគីទាំងពីរ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។
ទី៤. ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ២៧ ស្ថិតនៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បេសកកម្មចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងស៊ីជម្រៅ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅបង្គោលព្រំដែនដែលបានឯកភាពគ្នារវាងភាគីកម្ពុជានិងភាគីថៃ ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា តាមយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានជាធរមាន និងការគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
ទី៥. សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបដិសេធព័ត៌មានដែលថា ការចេញផ្សាយក្រដាសប្រាក់ប្រភេទថ្មីមានន័យថា រដ្ឋាភិបាលអស់លុយ ដោយសម្តេចបានបញ្ជាក់ថា នោះគឺជាព័ត៌មានមិនពិត ក្នុងចេតនាញុះញង់ឱ្យប្រជាពលរដ្ឋភាន់ច្រឡំ និងបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋចាញ់កលព័ត៌មានទាំងនោះ និងកុំនាំគ្នាផ្អើលទៅដកប្រាក់ពីធនាគារ តាមការបំផុសក្នុងចេតនាអាក្រក់របស់ក្រុមជ្រុលនិយម។ សម្តេចធិបតីបានធានាអះអាងថា រដ្ឋនៅតែមានសាច់ប្រាក់គ្រប់គ្រាន់ដែលស្តែងឡើងតាមរយៈការបើកប្រាក់ខែទៀងទាត់ជូនមន្ត្រីរាជការ និងបើកពីរដងក្នុងមួយខែ ហើយក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ប្រាក់ខែនឹងត្រូវបើកសរុបតែ១ដង រួមទាំងប្រាក់ឧបត្ថម្ភសម្រាប់ភ្ជុំបិណ្ឌ៥ម៉ឺនរៀលផង ដើម្បីអនុញ្ញាតឱ្យមន្ត្រីរាជការយកទៅចាយវាយសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។
លើសពីនេះ រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញនឹងបញ្ចេញរថយន្តក្រុងសាធារណៈចំនួន ៦០០ គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ ផែនការ សកម្មភាពទាំងអស់នេះបញ្ជាក់ថា រដ្ឋមានថវិកាគ្រប់គ្រាន់នៅក្នុងដៃ មិនដូចអ្វីដែលក្រុមជ្រុលនិយមឃោសនាភូតកុហកឡើយ៕
សូមអរគុណ!