បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦

……………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិនូវព័ត៌មានសំខាន់ៗមួយចំនួនដែលមានដូចតទៅ៖

ទី១៖ តាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម នឹងចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៅក្នុងព្រះបរមរាជវាំង។

ឯកឧត្តម ឡេ មិញ ហ៊ឹង ក៏នឹងចូលជួបសម្ដែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្ដូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាការយកចិត្តទុកដាក់រួម។ ទស្សនកិច្ចរបស់ ប្រមុខរដ្ឋាភិបាលវៀតណាម នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម ព្រមទាំងរឹតចំណងសាមគ្គីភាព និងបញ្ជាក់អំពីការប្តេជ្ញារួមរបស់ប្រទេសទាំងពីរក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី។

ទី២៖ ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ច្បាស់ៗកាលពីថ្ងៃទី៧ និងទី៨ ខែតុលា ឆ្នាំ២០២៦ថា កម្ពុជាមិនដែលចង់មានសង្គ្រាមដូចមជ្ឈដ្ឋានមួយចំនួនចោទប្រកាន់ដោយខុសការពិតនោះទេ ប៉ុន្តែ កម្ពុជាត្រូវតែការពារកិត្តិយស និងអធិបតេយ្យភាពជាតិរបស់ខ្លួនក្នុងករណីមានការរំលោភបំពាន។ សម្ដេចធិបតីបន្តថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃនៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយកម្ពុជានៅតែប្រកាន់ភ្ជាប់ការដោះស្រាយដែលផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងគោលការណ៍ដែលមានស្រាប់ដើម្បីទាមទារទឹកដីស្របច្បាប់របស់ខ្លួនត្រឡប់មកវិញ។

«ដរាបណាវិធីសាស្ដ្រនៃការប្រើការទូត និងយន្តការច្បាប់អន្តរជាតិនៅមានប្រសិទ្ធភាព និងជាដំណោះស្រាយយូរអង្វែងសម្រាប់ផ្ដល់យុត្តិធម៌ និងការប្រគល់ទឹកដីកម្ពុជាត្រឡប់មកវិញ យើងនៅតែបន្តប្រើប្រាស់មធ្យោបាយនេះ»។ នេះជាការបញ្ជាក់ច្បាស់ៗរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ដើម្បីឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព និងជាក់លាក់ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅមើលការវាស់វែងដោយផ្ទាល់ និងធ្វើជាសាក្សី ក្នុងដំណើរការនៃការវាស់វែងតាមយន្តការ JBC។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនជ្រាបថា កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគ្រប់ចំណុចទាំងអស់ដែលមានចែង ទាំងក្នុងវិធានការកាត់បន្ថយភាពតានតឹង និងយន្តការសម្រាប់ការអនុវត្តនិងផ្ទៀងផ្ទាត់ ក៏ដូចជាស្មារតីរួមនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នាតាមរយៈកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)។ ចាប់តាំងពីសេចក្តីប្រកាសរួមនេះចូលជាធរមានមកដល់បច្ចុប្បន្ន ភាគីកម្ពុជាបានអនុវត្តបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន ប្រកបដោយការអត់ធ្មត់ខ្ពស់។ ទន្ទឹមនឹងនោះ គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន ១២លើកហើយទៅសមភាគីថៃដើម្បីស្នើបើកកិច្ចប្រជុំពិសេស JBC និងស្នើចាត់បញ្ជូនក្រុមអ្នកជំនាញចម្រុះបន្តចុះវាស់វែងលើដីជាក់ស្តែង។ ប៉ុន្តែ ភាគីថៃតែងរកលេសដើម្បីពន្យារពេលកិច្ចប្រជុំ និងការចុះវាស់វែងលើដីជាក់ស្តែងជាបន្តបន្ទាប់។

កម្ពុជាយល់ឃើញថា មានតែការវាស់វែងកំណត់ខណ្ឌសីមាព្រំដែនឱ្យបានច្បាស់លាស់តាមរយៈយន្តការបច្ចេកទេស JBC ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងឯកសារ ផែនទី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទេ ទើបជាដំណោះស្រាយពិតប្រាកដ ប្រកបដោយនិរន្តរភាពនៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដែលជាការកសាងទំនុកចិត្ត និងសន្តិភាពយូរអង្វែងនៅតាមព្រំដែន។ ក្នុងន័យនេះ កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃឈប់បង្កើតលេសដើម្បីពន្យារពេលនៃដំណើរការខណ្ឌសីមាព្រំដែនគោកតទៅទៀត ដោយងាកមកដោះស្រាយបញ្ហាព្រំដែន ដោយសុច្ឆន្ទៈពិតប្រាកដ តាមការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

សូមអរគុណ!