ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦
……………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖
ទី១៖ កម្ពុជានិងវៀតណាមបានឯកភាពគ្នាបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ក៏ដូចជាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ការបញ្ជាក់បែបនេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយឯកឧត្តម ឡេ មិញ ហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព នាឱកាសដែលប្រមុខរដ្ឋាភិបាលវៀតណាមបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជា។
ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខគឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាឆ្នាំមិត្តភាពរវាងកម្ពុជានិងវៀតណាម។ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាយុវជននៃប្រទេសទាំងពីរ រៀបចំព្រឹត្តិការណ៍នានា ដើម្បីអបអរសាទរខួបនៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពនៃប្រទេសទាំងពីរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមភាគីវៀតណាមនិងគណៈប្រតិភូជាន់ខ្ពស់ ហើយបានកោតសរសើរនិងអបអរសាទរប្រទេសវៀតណាមដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៨,០២% ក្នុងឆ្នាំ២០២៥ និងអត្រា ៩,០១% ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៦ ព្រមទាំងបានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា វៀតណាមនឹងសម្រេចបាននូវកំណើនក្នុងរង្វង់២ខ្ទង់ និងឈានទៅសម្រេចបាននូវទិសដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។
នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលបានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅនិងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ក៏ដូចជាជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗរួមមាន៖ នយោបាយ, ការពារជាតិ និងសន្ដិសុខ, សេដ្ឋកិច្ច, ពាណិជ្ជកម្មនិងវិនិយោគ, កសិកម្ម, ថាមពល អប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ការតភ្ជាប់រវាងប្រជាជននិងប្រជាជនជាដើម។ សម្ដេចធិបតី ក៏បានជម្រាបជូន សមភាគីវៀតណាមអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារចំនួន៦ត្រូវបានចុះហត្ថលេខាក្នុងនោះរួមមាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនស្វាយរៀង, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់រយៈពេល២០២៦-២០៣០, អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិរក្សនិងការផ្សព្វផ្សាយស្តូបមិត្តភាពកម្ពុជា-វៀតណាមនៅកម្ពុជា, អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ, អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ និងកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ វេទិកាធុរកិច្ចដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរក៏ត្រូវបានបើកធ្វើនៅរាជធានីភ្នំពេញ។
ក្នុងជំនួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជាជាមួយសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ភាគីទាំងពីរសុទ្ធតែបានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-វៀតណាម ដែលបាននាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងព្រះបរមរាជវាំងផងដែរ។
ទី២៖ ចាប់ពីថ្ងៃទី១៤ ដល់ ១៨ ខែតុលា ឆ្នាំ២០២៦ គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធ៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជានិងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ កិច្ចប្រជុំនេះគឺជាជំហានដ៏សំខាន់មួយទៀតក្នុងដំណើរការដោយសន្តិវិធី ដែលផ្ដួចផ្ដើមឡើងដោយកម្ពុជា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាដែនសមុទ្រនៃប្រទេសទាំងពីរ។ ផ្អែកលើមូលដ្ឋាននៃការពិភាក្សាប្រកបដោយស្ថាបនានៅក្នុងកិច្ចប្រជុំលើកទី១នៅប្រទេសសិង្ហបុរី កិច្ចប្រជុំលើកនេះនឹងផ្ដល់ឱកាសដល់ភាគីទាំងពីរស្វែងរកមធ្យោបាយដើម្បីសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត និងរកឃើញចំណុចដែលឯកភាពគ្នាពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា អមដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង នឹងដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ ចូលរួមកិច្ចប្រជុំនេះ។ ដូចដែលបានគូសបញ្ជាក់ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅប្រទេសសិង្ហបុរីរួចហើយថា គោលបំណងចម្បងរបស់កម្ពុជា គឺសម្រេចដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងតំបន់។
កម្ពុជាមានចេតនាចុះសន្ធិសញ្ញាជាមួយថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលគ្របដណ្ដប់លើគ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ប្រកបដោយសមធម៌ក្នុងអំឡុងពេលរង់ចាំការឈានដល់កិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។ ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសណាមួយដូចបានលើកឡើងខាងលើ កម្ពុជាស្នើសុំគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។
កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការផ្សះផ្សានេះ និងមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់មូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនានាដោយសន្តិវិធី៕
សូមអរគុណ!