បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦

…………………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីការប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃ និងពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជារៀងរាល់ថ្ងៃ៖

ទី១៖ សេវាកម្មដឹកជញ្ជូនរថយន្តក្រុងដោយមិនគិតថ្លៃបាននិងកំពុងដំណើរការយ៉ាងមមាញឹកដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ។ ការដាក់ឱ្យដំណើរការសេវារថយន្តក្រុងដោយឥតគិតថ្លៃគឺជាការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្តល់ជូននូវការធ្វើដំណើរប្រកបដោយផាសុកភាពនិងសុខសុវត្ថិភាព។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានចាត់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យតាមប្រពៃណីជាតិខ្មែររយ:ពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់១៣ ខែតុលា ឆ្នាំ២០២៦ នៅទីតាំងចំនួន៥ដែលជាច្រកចេញពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេស។ តាមរយៈការប្រើប្រាស់សេវារថយន្តក្រុងដោយឥតបង់ថ្លៃនេះ ប្រជាពលរដ្ឋអាចសន្សំប្រាក់ថ្លៃធ្វើដំណើរ និងថ្លៃប្រេងឥន្ធនៈ ដោយទុកថវិកាទាំងនោះសម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យ និងការជួបជុំកម្សាន្តសប្បាយក្នុងគ្រួសារជាជំនួសវិញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបថា ក្រៅពីការចេញសោហ៊ុយធ្វើដំណើរជំនួសប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក៏បានជួយចេញថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីកាត់បន្ថយការចំណាយទៅលើភ្លើងអគ្គិសនី និងប្រេងឥន្ធនៈតាមរយៈការឧបត្ថម្ភធុន និងការកាត់ពន្ធ អាករផ្សេងៗ ជាច្រើនលើប្រេងសាំង និងប្រេងម៉ាស៊ូត។ ជាក់ស្តែងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជិត ៥០០ លានដុល្លារសហរដ្ឋអាម៉េរិកដើម្បីបញ្ចុះតម្លៃអគ្គិសនី ប្រេងសាំង និងម៉ាស៊ូត ក៏ដូចជាឧស្ម័នឥន្ធនៈ ពោលគឺរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃមួយចំនួនជំនួសប្រជាពលរដ្ឋ។ ការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ តាមរយៈការដាក់ឱ្យដំណើរការសេវារថយន្តក្រុងដោយឥតគិតថ្លៃត្រូវបានរាជរដ្ឋាភិបាលធ្វើឡើងនៅរាល់ពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំដោយរាជរដ្ឋាភិបាលចំណាយថវិកាយ៉ាងច្រើនក្នុងការជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។

យោងតាមការប៉ាន់ប្រមាណ កាលពីក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ មានពលរដ្ឋប្រមាណជិត១២ម៉ឺននាក់បានប្រើប្រាស់រថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល។ បើគិតជាសោហ៊ុយធ្វើដំណើរដែលប្រជាពលរដ្ឋត្រូវចំណាយ គឺស្មើនឹងប្រមាណជា ១២ពាន់លានរៀល ឬ៣លានដុល្លារសហរដ្ឋអាម៉េរិក។ ប៉ុន្តែ សោហ៊ុយនេះត្រូវបានរាជរដ្ឋាភិបាលចេញជំនួសទាំងស្រុង។ នេះគឺជាផលចំណេញជាក់ស្តែងដែលប្រជាពលរដ្ឋទទួលបានពីការផ្តល់ជូនរបស់រាជរដ្ឋាភិបាល។ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ការផ្តល់ជូនរបស់រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកដាក់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី ដល់ប្រជាពលរដ្ឋក៏មិនខុសគ្នាកាលពីអំឡុងបុណ្យចូលឆ្នាំថ្មីដែរ។

ទី២៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាព៦ចំណុចសំដៅជួយគាំពារប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងហានីភ័យ។ គោលនយោបាយនេះបាននិងកំពុងផ្តល់ផលប្រយោជន៍ជារៀងរាល់ថ្ងៃដល់ប្រជាពលរដ្ឋជាច្រើនលាននាក់។ ជាក់ស្តែង ប្រជាពលរដ្ឋទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃក្រោមកម្មវិធីមូលនិធិសមធម៌មានជិត៥លានករណី, យុវជនដែលទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ និងទទួលបានការឧបត្ថម្ភពេលរៀនសូត្រ មានចំនួនជិត ៣០ម៉ឺននាក់, ជនចាស់ជរា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍, ស្ត្រីមានផ្ទៃពោះ, និងកុមារក្រោមអាយុ២ឆ្នាំ ទទួលបានការឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ មានរហូតដល់ជិត ៨០ម៉ឺនគ្រួសារ គិតជាថវិកាជាង៣០០ លានដុល្លារអាម៉េរិក។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលបានបញ្ចេញហិរញ្ញប្បទានពិសេសចំនួន ១៧០ លានដុល្លារ ទៅក្នុងវិស័យកសិកម្ម ដើម្បីរក្សាសន្តិសុខស្បៀងនិងស្ថិរភាពថ្លៃទំនិញនិងបានដាក់ពង្រាយអ្នកជំនាញបច្ចេកទេសកសិកម្មចំនួន ១ ៦០០ នាក់ក្នុងឃុំសង្កាត់ ដើម្បីជួយដល់កសិករ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ត្រូវបានយកចិត្តទុកដាក់ ហើយបាននិងកំពុងចុះឈ្មោះដើម្បីទទួលបានផលប្រយោជន៍ពីយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។

សរុបមកវិញ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ ដើម្បីគាំពារប្រជាពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រនិងងាយរងហានីភ័យ ដែលទទួលបានផលមុនគេ ក្រោមអភិក្រម រដ្ឋមិនបោះបង់ពលរដ្ឋណាម្នាក់ដោយមិនបានគិតគូរជួយនោះឡើយ។ គោលនយោបាយនេះកំពុងផ្តល់ផលដល់ពលរដ្ឋច្រើនលាននាក់ជារៀងរាល់ថ្ងៃ៕