ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦
…………………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូននូវបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖
ទី១៖ ក្នុងសារតាមហ្វេសប៊ុកកាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់ពេលនេះ មានរយៈពេល៤ថ្ងៃហើយ ដែលសម្តេចមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញគាត់និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកឯកសារ និងភស្តុតាងទាំងឡាយដែលគាត់មានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និង៥៩ មកជជែកគ្នាត្រង់ទៅត្រង់មកជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជានៅឡើយទេ។ ការជជែកនេះ គឺដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់យើង ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។
សម្តេចធិបតី នាយករដ្ឋមន្ត្រីបន្តថា ឃើញតែលោក អ៊ុំ សំអាន ចេញសារជាច្រើនក្នុងប៉ុន្មានថ្ងៃមកនេះ ដោយម្តងថាខ្លាចគេលបបាញ់គាត់ ឬវ៉ៃគាត់បែកក្បាល ម្តងថាគាត់ព្រមចាញ់ ដើម្បីខ្មែរឈ្នះ។ល។ ហើយចុងក្រោយនេះ ឃើញយកឈ្មោះអង្គការចាត់តាំងក្រៅច្បាប់មួយ មកដាក់ជាលក្ខខណ្ឌវែងអន្លាយជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលហាក់ដូចជាលក្ខខណ្ឌដើម្បីដោះខ្លួនចេញពីការអញ្ជើញអោយមកជជែកគ្នាបញ្ជាក់តំបន់តូចមួយនៃខ្សែព្រំដែននៅចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ ដែលគាត់ចោទថា មន្ត្រីជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលបានលួចអោយថៃបោះបង្គោលចូលដីខ្មែរ។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាចោទជាសំណួរថា បើគ្រាន់តែបញ្ជាក់លើដីប៉ុន្មានគីឡូម៉ែត្រ លោក អ៊ុំ សំអាន មិនហ៊ានមកជជែក ឬគ្មានឯកសារមកជជែកផង តើអាចរំពឹងថា គាត់អាចជជែកអំពីបញ្ហាព្រំដែនទាំងមូលបានទេ? សម្តេចធិបតី បញ្ជាក់ជាចុងក្រោយថា សម្តេចនៅរង់ចាំចម្លើយច្បាស់លាស់ពីលោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការអញ្ជើញមកជជែកគ្នាករណីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ៥២ និង៥៩។
ទី២៖ ទីបំផុត លោក សម រង្ស៊ី បានបង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា ជាអ្នកបង្កហេតុមុនប្រាកដមែន៖
ទី១. លោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅលោក Nanthawat Samart អតីតអនុប្រធានការិយាល័យព័ត៌មានវិទ្យាជាតិ និងជាអតីតលេខាធិការរដ្ឋមន្ត្រីការបរទេសថៃ ដែលជាអ្នកនិយាយប្រាប់សារព័ត៌មាន Top News ដោយស្រង់សម្តីលោក សម រង្ស៊ី ថា៖«កម្ពុជាជាអ្នកបាញ់មុន…» នោះឡើយ។ ប៉ុន្តែ លោក សម រង្ស៊ី បានបង្វែរការបដិសេធថា មិនដែលបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានណាឡើយក្នុងអំឡុងពី៦ទៅ៩ខែចុងក្រោយ ក្រៅពីប្រព័ន្ធឃោសនារបស់គាត់។
តាមពិត លោក Nanthawat Samart មិនបានសំដៅថា លោក សម រង្ស៊ី និយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានណាមួយឡើយ តែអតីតមន្ត្រីថៃរូបនោះបានបញ្ជាក់ថា លោក សម រង្ស៊ី និយាយក្នុងពេលថ្មីៗនេះ ហើយថែមទាំងបានចាត់ទុកសម្តីលោក សម រង្ស៊ី ថាមានតម្លៃសម្រាប់ថៃយ៉ាងខ្លាំងថែមទៀត។ ប៉ុន្តែ លោក សម រង្ស៊ី មិនបានបដិសេធត្រង់ទៅអតីតមន្ត្រីថៃដែលជាអ្នកនិយាយទេ តែបានបង្វែរទៅជារឿងផ្សេង។
ទី២. លោក សម រង្ស៊ី មិនទៅណាឆ្ងាយពីល្បិចបង្វែរសាច់រឿងដើម្បីគេចពីការប្រឈមមុខជាមួយការពិត ទៅជាការមួលបង្កាច់ បង្កើតរឿងមួយផ្សេងទៀតដើម្បីទម្លាក់កំហុសមកលើកម្ពុជានិងការពារថៃ តាមទម្លាប់របស់គាត់និងក្រុមរបស់គាត់នោះឡើយ។ លោក សម រង្ស៊ី មិនបាននិយាយសូម្បីមួយម៉ាត់ពីផែនការ «ចក្រពង្សភូវនាថ»(Chakraphong Phuwanath Plan) ដែលជាការរៀបចំច្បាស់លាស់ និងមានផែនការទុកជាមុនរបស់ថៃដើម្បីឈ្លានពានទឹកដីកម្ពុជាឡើយ។ លោក សម រង្ស៊ី ក៏មិនបាននិយាយពីទាហានខ្មែរមួយរូប គឺលោក សួន រោន អាយុ ៤៨ឆ្នាំ ដែលត្រូវបានទាហានថៃលបចូលមកបាញ់សម្លាប់ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅលើទឹកដីកម្ពុជា ដែលការបង្ករឿងយ៉ាងធ្ងន់ធ្ងររបស់ថៃនោះដែរ។
ប៉ុន្តែ លោក សម រង្ស៊ី បែរជាបង្វែរសាច់រឿងមួលបង្កាច់ដើម្បីទម្លាក់កំហុសលើកម្ពុជាថា ជាអ្នកបង្កហេតុមុនដដែល ដោយបំភ្លេចចោលទាំងស្រុងនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចតេជោ និងសម្តេចធិបតី ក៏ដូចជាវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលខិតខំយ៉ាងខ្លាំង និងយកទ្រូងទៅពាំងដើម្បីការពារបូរណភាពទឹកដី។
សរុបមកវិញ លោក សម រង្ស៊ី មិនបានបដិសេធត្រង់ចំពោះអ្វីដែលអតីតមន្ត្រីថៃនិយាយទេ។ លោក សម រង្ស៊ី ក៏មិនបានសុំទោសប្រជាពលរដ្ឋខ្មែរ និងមិនបានបង្ហាញសូម្បីតែបន្តិចនូវវិប្បដិសារីចំពោះអ្វីដែលគាត់បាននិយាយ។ ផ្ទុយទៅវិញ លោក សម រង្ស៊ី នៅតែបន្តចោទថា កម្ពុជាជាអ្នកបង្កហេតុមុនដដែល និងបានបង្ហាញកាន់តែច្បាស់ថា គាត់ការពារថៃ ហើយប្រឆាំងផលប្រយោជន៍ជាតិខ្មែរយ៉ាងពិតប្រាកដដែលប្រជាជាតិខ្មែរមិនអាចទទួលយកបានឡើយ។ នេះគឺជាភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ថា លោក សម រង្ស៊ី គឺជាជនក្បត់ជាតិដោយមិនអាចប្រកែកបាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់លោក សម រង្ស៊ី និងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើក្បត់ផលប្រយោជន៍ជាតិរបស់បុគ្គលរូបនេះ និងសូមបញ្ជាក់ជាថ្មីម្តងទៀតថា ភាគីថៃគឺជាអ្នកបាញ់មុន ហើយកម្ពុជាគឺជាជនរងគ្រោះ៕