បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីកិច្ចការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលដើម្បីផលប្រយោជន៍ជាតិ ក៏ដូចជាការពារបូរណភាពទឹកដី និងប្រជាជន៖

ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អមដោយលោកជំទាវបណ្ឌិតនិងគណៈប្រតិភូជាន់ខ្ពស់កំពុងបន្តបេសកកម្មការទូតយ៉ាងមមាញឹកនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA)ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា មុននឹងបន្តដំណើរបេសកកម្មការទូតទៅកាន់សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន។

ក្រៅពីការពង្រឹងនិងពង្រីកទំនាក់ទំនងការទូតទ្វេភាគី សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានទាក់ទាញវិនិយោគិន និងទេសចរណ៍ ដោយបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងដែលកម្ពុជាផ្តល់ជូនវិនិយោគិនដូចជាកម្លាំងពលកម្មប្រកបដោយថាមវន្ត, បរិយាកាសធុរកិច្ចមានអំណោយផលនិងការលើកទឹកចិត្ត, ការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល, ការទទួលបានទីផ្សារក្នុងតំបន់និងសកល ជាដើម ដោយរាជរដ្ឋាភិបាលកម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រួលដល់ដំណើរវិនិយោគ តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានាបាននូវបទពិសោធន៍ដ៏រលូន និងជោគជ័យ។

ទី២. កិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) បានចាប់ផ្តើមនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជានិងថៃ។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងារកម្ពុជា អមដោយក្រុមអ្នកជំនាញកិច្ចការព្រំដែន និងជំនាញច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

សូមបញ្ជាក់ជូនថា គោលបំណងចម្បងរបស់កម្ពុជា គឺការសម្រេចបាននូវដំណោះស្រាយមួយដែលបម្រើផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ កម្ពុជាមានចេតនាចុះសន្ធិសញ្ញាជាមួយថៃដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលគ្របដណ្ដប់លើគ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ប្រកបដោយសមធម៌ក្នុងអំឡុងពេលរង់ចាំការឈានដល់កិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។

ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសណាមួយដូចបានលើកឡើងខាងលើ កម្ពុជាស្នើសុំគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគតស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការផ្សះផ្សានេះ និងមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិនឹងផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី។

ទី៣. ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីក្រុងហ្សឺណែវ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់តំបន់មួយចំនួននៃទឹកដីកម្ពុជាដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាទាំងនោះអាចចូលទៅកាន់លំនៅឋាន និងសហគមន៍របស់ពួកគេវិញបាន។ ការកាន់កាប់ទឹកដីកម្ពុជានិងការបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលផ្ទុយពីគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ទី៤. នៅឯកិច្ចប្រជុំក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី(CPF) ថ្ងៃទី១៣ ខែតុលាដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបដិសេធការលើកឡើងរបស់ប្រតិភូថៃ ដែលបានបំភ្លៃការពិតប្រវត្តិសាស្ត្រថា ជនភៀសសឹកកម្ពុជារស់នៅក្នុងតំបន់របស់ថៃដែលត្រូវបានបើកឱ្យប្រើប្រាស់ជាជម្រកជនភៀសខ្លួនបណ្ដោះអាសន្ន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ ឯកអគ្គរាជទូតកម្ពុជាបានច្រានចោលការលើកឡើងនេះ និងបានយោងទៅរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) ដែលបញ្ជាក់ថា ជំរំជនភៀសខ្លួនកម្ពុជានៅក្នុងប្រទេសថៃ គឺមិនមានជនភៀសខ្លួនទៀតទេ តាំងពីខែមីនា ឆ្នាំ១៩៩៩ បន្ទាប់ពីក្រុមជនភៀសខ្លួនចុងក្រោយចំនួន ៧០៥ នាក់ បានវិលត្រឡប់មកកម្ពុជាវិញ។

ទាំងនេះគឺជាសកម្មភាពការងារការទូតដ៏រស់រវើករបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន ក៏ដូចជាកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៕

សូមអរគុណ!