បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

…………………………….

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមស្រង់ខ្លឹមសារនៃប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១២ ខែតុលា៖

«យើងជួបជុំគ្នានៅចំពេលនៃការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា ជម្លោះអូសបន្លាយ ការបែកបាក់ផ្នែកសេដ្ឋកិច្ច និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សាកល។ ឧក្រិដ្ឋកម្មឆ្លងដែននិងបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីៗ កំពុងធ្វើឲ្យចុះខ្សោយទំនុកចិត្តអន្តរជាតិ និងកំពុងសាកល្បងភាពធន់នៃពហុភាគីនិយម»។ នេះជាការកត់សម្គាល់របស់សម្តេចនាយករដ្ឋមន្ត្រី មុននឹងបន្តថា នៅក្នុងបរិបទនេះ គោលការណ៍នានាដែលបានបញ្ជាក់ឡើងវិញនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងបាគូ រួមមាន៖ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ សមភាពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី មិនមែនគ្រាន់តែជាបំណងប្រាថ្នានោះទេ ប៉ុន្តែគឺជាគ្រឹះដែលមិនអាចខ្វះបានសម្រាប់សន្តិភាពនិងស្ថិរភាព។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា គោលការណ៍ទាំងនេះត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយសមភាពសម្រាប់គ្រប់រដ្ឋទាំងអស់។

សម្តេចធិបតីបានគូសរំលេចថា បទពិសោធន៍ថ្មីៗនេះរបស់កម្ពុជាផ្ទាល់ បានពង្រឹងការជឿជាក់របស់យើងថា សន្តិភាពមិនមែនជាអ្វីដែលបានមកដោយឯកឯងនោះទេ ហើយជម្លោះរវាងរដ្ឋនានាត្រូវតែដោះស្រាយដោយសន្តិវិធី ការសន្ទនា និងច្បាប់អន្តរជាតិ។ ព្រំដែន និងអធិបតេយ្យភាព មិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែង (fait accomplis) នោះឡើយ។ សម្តេចធិបតីសង្កត់ធ្ងន់ថា បទឈប់បាញ់រវាងកម្ពុជានិងថៃ នៅតែបន្តគោរពបាន ប៉ុន្តែ ស្ថានការណ៍នៅតែមានភាពស្មុគស្មាញ ហើយបញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមពៀងដែលមានជាធរមាន នៅមិនទាន់ដោះស្រាយបាននៅឡើយ។

សម្តេចធិបតីបន្តថា កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ ដែលស្ថិតចូលជ្រៅក្នុងទឹកដីកម្ពុជា។ ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួម នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្ដែងនៅលើទីតាំងនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានរារាំងប្រជាជនប្រមាណ២ម៉ឺននាក់ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។

ទោះបីជាស្ថានភាពនេះនៅតែមានភាពស្មុគស្មាញក៏ដោយ ក៏សម្តេចប្រមុខរាជរដ្ឋាភិបាល នៅតែបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រមពៀងទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖ «យើងជឿជាក់ថា ការសន្ទនា ការកាត់បន្ថយភាពតានតឹង ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេស ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងវិធានការជាក់ស្ដែងដើម្បីកសាងទំនុកចិត្ត គឺជាកត្តាចាំបាច់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការដោះស្រាយជម្លោះដោយយុត្តិធម៌ ស្ថិតស្ថិរ និងការចូលរួមជាមួយគ្នាដោយសន្តិវិធី ហើយនេះគឺជាស្មារតីនៃការសន្ទនា ការកសាងទំនុកចិត្ត និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី ដែល CICA ខិតខំជំរុញឲ្យមាននៅទូទាំងទ្វីបរបស់យើង»។

នៅក្នុងបរិបទដ៏ទូលំទូលាយនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីបន្តថា សន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានសម្រេចនូវវឌ្ឍនភាពគួរឲ្យកោតសរសើរក្នុងការលើកកម្ពស់សារៈសំខាន់ និងការរួមចំណែករបស់ខ្លួន ក្នុងនាមជាវេទិកាសម្រាប់តំបន់អាស៊ីទាំងមូល សម្រាប់ការសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការសម្រេចចិត្តដោយផ្អែកលើការសម្រេចជាឯកច្ឆ័ន្ទ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា ក្រោមអភិក្រម ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនដែលភ្លេចសូម្បីមួយវិនាទីណាឡើយនូវការទាមទារទឹកដីកម្ពុជាដែលកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកទាំងអស់វិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ គឺក្នុងន័យនេះហើយ ដែលនៅគ្រប់វេទិកាអន្តរជាតិ មិនថានៅទីណាឬពេលវេលាណាឡើយ បញ្ហាព្រំដែនកម្ពុជា-ថៃ គឺជារបៀបវារៈដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលកម្ពុជា រហូតទាល់តែមានដំណោះស្រាយពិតប្រាកដ តាមរយៈគណៈកម្មការ JBC ដែលជាយន្តការគន្លឹះ ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលទទួលស្គាល់ជាអន្តរជាតិ៕