ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦
………………………………..
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ៖
ទី១. កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ពឱ្យកាន់តែស៊ីជម្រៅ៖ ការឯកភាពគ្នាបែបនេះបានធ្វើឡើងនាឱកាសដែលនាយឧត្តមសេនីយ៍ និងជានាយសេនាធិការកងទ័ពហ្វីលីពីន ឯកឧត្តម Antonio G Natarrete អញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។
នាយឧត្តមសេនីយ៍ និងជានាយសេនាធិការកងទ័ពហ្វីលីពីន បានរំលឹកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិនិងសន្តិសុខ និងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីនក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេសរវាងកងទ័ពជើងទឹកនិងកងទ័ពអាកាសឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្ដេចធិបតី ក៏បានបង្ហាញនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធ តាមរយៈការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនិងកងទ័ពអាកាសបន្ថែមទៀតនាពេលខាងមុខ ហើយខិតខំប្រែក្លាយកិច្ចព្រមព្រៀងទាំងនេះឱ្យទៅជាសកម្មភាព និងលទ្ធផលជាក់ស្ដែង។
បន្ថែមលើនេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូពីការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
សម្ដេចធិបតី និងនាយឧត្តមសេនីយ៍ហ្វីលីពីនក៏បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អំពើភេរវកម្ម និងការវាយប្រហារតាមប្រព័ន្ធសាយប័រជាដើម សំដៅរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក។
ទី២. គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ ត្រូវបានចាប់ផ្តើមធ្វើថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ដោយក្រុមការងារជំនាញបានចុះអនុវត្ដគម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ចំនួន២៩ទីតាំងទៀត ដែលរងការខូចខាតដោយការវាយប្រហារប្រដាប់អាវុធពីកងកម្លាំងថៃ។ កិច្ចរអន្ដរាគមន៍ដូចគ្នានេះត្រូវបានធ្វើម្តងរួចហើយក្នុងដំណាក់កាលទី១ ចំនួន២៣ទីតាំង ចាប់ពីគោបុរៈទី១ដល់ទី៥។ គម្រោងអន្ដរាគមន៍ទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារមានគោលបំណងទប់ស្កាត់ការដួលរលំនិងការខូចខាតរចនាសម្ព័ន្ធសំណង់ប្រាសាទ ការពារតម្លៃបេតិកភណ្ឌប្រវត្តិសាស្តដើម្បីធានាថា ប្រាសាទព្រះវិហារនៅតែរឹងមាំ និងមានសុវត្ថិភាព មុននឹងឈានដល់ការជួសជុលនាពេលអនាគត។
អង្គការយូណេស្កូ កាលពីដើមខែកញ្ញា ឆ្នាំ២០២៦ បានផ្សាយរបាយការណ៍ដោយបានបញ្ជាក់ពីទំហំនៃការខូចខាតយ៉ាងធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារដែលបណ្តាលមកពីការវាយប្រហារប្រដាប់អាវុធក្នុងខែកក្កដានិងខែធ្នូ ឆ្នាំ២០២៥ ដោយបានរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។
ក្នុងសារលិខិតនាឱកាស «ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីខែកក្កដាកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានសម្តែងការសោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់កម្ពុជា។ សម្តេចធិបតីបន្តថា ប្រាសាទព្រះវិហារបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន៥៦២កន្លែង ដែលនេះមិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ គឺជាការបាត់បង់សម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្សនិងស្តារតម្លៃប្រាសាទព្រះវិហារក្នុងទិសដៅច្បាស់លាស់ គឺដើម្បីប្រែក្លាយការឈឺចាប់ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ៕
សូមអរគុណ!