ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦
…………………………….
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះជួបសំណេះសំណាល ចែកស្រូវពូជ និងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបងជាងមួយម៉ឺនគ្រួសារ។ សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាល និងអាជ្ញាធរត្រូវធ្វើ គឺការសង្គ្រោះជីវិត ការជួយដោះស្រាយជីវភាព និងការស្តារឡើងវិញ មិនថាស្ថានភាពសង្គ្រាម ឬទឹកជំនន់ឡើយ ពោលគឺ ថ្នាក់ដឹកនាំ មន្ត្រីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែស្ថិតនៅជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈដោយមិនដែលបោះបង់ប្រជាពលរដ្ឋម្តងណាឡើយ។
ជាក់ស្តែង សម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះក៏បានឆ្លៀតចុះពិនិត្យស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះសម្រាប់គ្រួសារក្រីក្រ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានប្រជាពលរដ្ឋទទួលផល សរុបមានចំនួន ១.០៧៧ គ្រួសារ ក្នុងនោះមានគ្រួសារជនភៀសសឹក គ្រួសារក្រីក្រ និងគ្រួសារកងកម្លាំង។ កាលពីចុងខែកញ្ញាកន្លងទៅ សម្តេចក៏បានអញ្ជើញចុះត្រួតពិនិត្យនិងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង ពោលគឺសម្តេច និងមន្ត្រីរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួបការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ។ ប្រពៃណីផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខនិងបម្រើប្រជាពលរដ្ឋ គឺជាគុណធម៌ និងជាអត្តសញ្ញាណរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាធ្លាប់បានពិពណ៌នាសកម្មភាពរបស់សម្តេចធិបតីចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ពោលគឺ«ទីណាពលរដ្ឋមានទុក្ខ មានមុខសម្តេចតេជោ-ធិបតី» និងមន្ត្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចាំជួយពលរដ្ឋជានិច្ច។
ក្រៅពីចុះជួបនិងជួយប្រជាពលរដ្ឋដោយផ្ទាល់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏តែងតែដាក់ចេញគោលនយោបាយជួយសម្រាលបន្ទុកប្រជាពលរដ្ឋនៅពេលដែលពួកគេជួបការលំបាក។ ជាក់ស្តែង សម្តេចទើបតែបានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។ ប្រជាពលរដ្ឋចំនួនប្រមាណជា៤លាន៦សែននាក់ នៅទូទាំងប្រទេសទទួលបានការឧបត្ថម្ភពីគម្រោងនេះ។ កម្មវិធីនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេង និងបញ្ចុះឬកាត់ចោលពន្ធអាករលើប្រេងសាំងនិងប្រេងម៉ាស៊ូត យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋទូទៅ ដែលរងផលប៉ះពាល់រួចស្រេចទៅហើយ។
រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏បានគិតគូរនិងយកចិត្តទុកដាក់ជាប្រចាំលើសុខុមាលភាពនិងជីវភាពរបស់ពលរដ្ឋជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន ដោយដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួនដូចជា៖ (១) កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (២) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និង(៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា រួមទាំងកម្មវិធីអន្តរាគមន៍ពិសេសជូនគ្រួសារពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានទឹកដីនៅតាមព្រំដែនជាដើម។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបថា ក្រៅពីស្វែងរកសន្តិភាព ថែរក្សាសន្តិភាព ស្ថិរភាពសង្គម-នយោបាយ និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ដើម្បីផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេសនិងបង្កើនជីវភាពគ្រួសារ គោលនយោបាយជួយគាំពារ ពលរដ្ឋក្រីក្រតាមរយៈការឧបត្ថម្ភសាច់ប្រាក់ដោយផ្ទាល់ក៏ត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ជាក់ស្តែង ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីជួយឧបត្ថម្ភពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់។
ប្រពៃណីនេះត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ និងប្រកបដោយមហិច្ឆតា ដូចជា ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដូចជាស្ត្រីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ការផ្តល់អាហារូបករណ៍ដល់កុមារក្រីក្ររហូតដល់ចប់មធ្យមសិក្សា ការឧបត្ថម្ភសាច់ប្រាក់ជនមានពិការភាព និងចាស់ជរាអាយុ៦០ឆ្នាំឡើង។ ក្រៅពីនោះ រាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះនូវសេវាថែទាំសុខភាព ការអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសដល់យុវជនដោយឥតគិតថ្លៃ ក្រោមអភិក្រម «មិនបោះបង់ពលរដ្ឋណាម្នាក់ចោល» នោះឡើយ៕
សូមអរគុណ!