ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦
…………………………….
ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ប្រចាំសប្តាហ៍ពាក់ព័ន្ធនឹងសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងការការពារបូរណភាពទឹកដី៖
ទី១. ពាក់ព័ន្ធនឹងសមិទ្ធផលរបស់រាជរដ្ឋាភិបាល៖ ក្នុងសារលិខិតថ្លែងបើកបវេសនកាលឆ្នាំសិក្សាថ្មី(២០២៦- ២០២៧) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសរំលេចថា៖«រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុក«មនុស្ស»គឺជាធនធានដ៏សំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ និងបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ វិន័យ សុខភាពផ្លូវកាយ ផ្លូវចិត្ត ព្រមទាំងសមត្ថភាពក្នុងការសម្របខ្លួនជាមួយនឹងការវិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើងប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ និងសមិទ្ធផលនានាមួយចំនួន នៅឯវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៦។ សមិទ្ធផលទាំងនេះត្រូវបានសាងសង់ឡើងក្រោមគម្រោង«ទាំងអស់គ្នាដើម្បីការអប់រំ»របស់សមាគមឧកញ៉ាកម្ពុជា ដែលផ្តល់ ផលប្រយោជន៍យ៉ាងធំធេងក្នុងវិស័យអប់រំសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សូមរម្លឹកជូនថា គ្រាន់តែរយៈពេល ៣ខែចុងក្រោយ សមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗជាច្រើន បានលេចចេញជារូបរាង ជាបន្តបន្ទាប់ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ដូចជាការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ រោងចក្រផ្គុំដំឡើងរថយន្ត មន្ទីរពេទ្យ ផ្លូវ សួនសាធារណៈ និងសមិទ្ធផលផ្សេងៗ ជាច្រើនទៀត ….
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញសំណេះ សំណាលនិងចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់។ វត្តមានរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបង្ហាញពីប្រពៃណីដឹកនាំរបស់ រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាពីជំនាន់មួយទៅជំនាន់មួយ ដែលជានិច្ចកាល តែងតែស្ថិតនៅជាមួយ ប្រជាពលរដ្ឋ និងជួយ ប្រជាពលរដ្ឋ នៅពេលដែលពួកគេមានទុក្ខលំបាក ពោលគឺ«ទីណាពលរដ្ឋមានទុក្ខ មានមុខសម្តេចតេជោ-ធិបតី និងមន្ត្រីគ្រប់លំដាប់ថ្នាក់ចុះជួយជានិច្ច ក្រោមអភិក្រម«មិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ»។
ទី២. ពាក់ព័ន្ធបញ្ហាព្រំដែន៖
ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និង រាយការណ៍ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក៏ជាកិច្ចការដ៏សំខាន់មួយ ដែល រាជរដ្ឋាភិបាលរៀបចំធ្វើយ៉ាងសកម្ម និងឥតដាច់។ ជាក់ស្តែង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា(AOT-KH)បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព នៅស្ពានស្ទឹងមេទឹក ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានរងការវាយប្រហារដោយយន្តហោះចម្បាំងរបស់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យដាច់ទាំងស្រុងនិងមិនអាចចរាចរណ៍ទៅមកបានឡើយ។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាក៏បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតំបន់ច១ដែលនៅទីនោះ យោធាថៃបានរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានរុសទៅមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់។ នៅថ្ងៃដដែល ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាក៏បានចុះទៅតំបន់ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលយោធាថៃ បានវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រចំនួន៥២គ្រឿង ដើម្បីកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ សកម្មភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋភៀសសឹកជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ នៅទីនោះ កងកម្លាំងថៃក៏បានសាងសង់បង្គោលទង់ជាតិថ្មីចំនួន០២ បន្តសាងសង់ផ្លូវ និងកែលម្អលេណដ្ឋានថ្មី ព្រមទាំងបានជីកប្រឡាយឱ្យកាន់តែជ្រៅថែមទៀត។
កម្ពុជាក៏បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួននៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយឈរលើគោលការណ៍នៃការគោរពគ្នានិងការជឿទុក ចិត្តទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ការគូសបញ្ជាក់បែបនេះបានធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍វាសនារួម៖ការចាប់ផ្តើមជំពូកថ្មីសម្រាប់ មេគង្គ-ឡានឆាង២.០»ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
នៅរដ្ឋធានីប៉េកាំង ក៏មានកិច្ចសន្ទនាពិសាតែជាមួយគ្នារវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជានិងថៃ ដោយភាគីទាំងបីបាន ផ្លាស់ប្តូរទស្សនៈប្រកបដោយស្ថាបនា និងមិត្តភាព អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការថែរក្សាស្ថិរភាពក្នុងតំបន់ និងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជានិងថៃ។ ដោយឡែកក្នុងជំនួបទ្វេភាគីរវាងប្រមុខការទូតកម្ពុជា-ចិន ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕