អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អភិបាលខេត្តកំពតដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកុម្ភៈឆ្នាំ ២០២០

នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកុម្ភៈឆ្នាំ ២០២០ ក្រោមកិច្ចដឹកនាំអង្គប្រជុំ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានសមាជិកចូលរួមពី សំណាក់លោក-លោកស្រី អភិបាលរងខេត្ត និងអភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងអង្គភាពចំណុះសាលាខេត្តសរុបចំនួន៧៨ នាក់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានលើកក្នុងកិច្ចប្រជុំនេះថា កិច្ចប្រជុំ របស់គណៈអភិបាលខេត្ត គឺតែងប្រព្រឹត្តទៅតែមួយដងប៉ុណ្ណោះក្នុងរយៈពេល០១ខែ ដើម្បីជួបប្រជុំ ត្រួតពិនិត្យរាល់សកម្មភាពការងារដែលសម្រេចបានក្នុងខែកន្លងទៅ ព្រមទាំងរួមគ្នាត្រួតពិនិត្យពិភាក្សា បញ្ហាប្រឈម ចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្តនិងការដោះស្រាយ ដើម្បីធ្វើយ៉ាងណា យើងរួមគ្នាកែលម្អ ដោះស្រាយឲ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលានិងអនុវត្តឲ្យបានចំគោលដៅមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិក៏ដូចក្នុងខេត្តកំពត ក្នុងការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ ដូច្នេះឯកឧត្តមអភិបាលខេត្តក៏បាន សំណូមពរជំរុញដល់ អាជ្ញាធរដែល ជាអភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រាល់កិច្ចប្រជុំរបស់គណៈអភិបាលខេត្តប្រចាំខែនីមួយៗ បើពុំមានករណីចាំបាច់ ក្នុងការអវត្តមាននោះទេ សូមឱ្យអភិបាលក្រុង ស្រុកនិងថ្នាក់ដឹកនាំមន្ទីរត្រូវមានវត្តមានចូលរួមប្រជុំឲ្យបាន ទៀងទាត់គ្រប់គ្នាជៀសវាងការចាត់ឲ្យតំណាងចូលរួម ដែលនាំឱ្យធ្វើការពិបាកនឹងសម្រេច នៅពេលជូបបញ្ហាប្រឈម ណាមួយដែលត្រូវ លើកក្នុងកិច្ចប្រជុំដើម្បីធ្វើការដោះស្រាយ ។ ព្រោះបញ្ហានៃការដោះស្រាយគឺយើងមិនត្រូវទុកឱ្យអូសបន្លាយពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំបានឡើយ បើធ្វើដូច្នោះយើងមិនអាចធ្វើការឆ្លើយតប ទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋបានឡើយ។
ជាមួយគ្នានោះឯកឧត្តមជាវ តាយ អភិបាលខេត្តក៏បានសម្ដែងការកោតសរសើរ ដល់អាជ្ញាធរ ក្រុងស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្តព្រមទាំងបានជម្រុញណែនាំឱ្យមានការបង្កើនការយកចិត្តទុកដាក់ខិតខំអនុវត្តនូវ ទិសដៅការងារ និងដោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានកាន់តែសម្រេចប្រសើរឡើងថែមទៀតផងដែរ។
កិច្ចប្រជុំនេះបានលើកជារបៀបវារសំខាន់ៗមួយចំនួន ដើម្បីពិនិត្យពិភាក្សាធ្វើការដោះស្រាយនិងកែលម្អក្នុងទិសដៅសម្រេចឲ្យបានលទ្ធផលជោគជ័យនិងមានប្រសិទ្ធភាព។