បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦
…………………….

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ដែលមានដូចតទៅ៖

ទី១. កម្ពុជា-បារាំង បានបំបែកឯតទគ្គកម្មក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាច្រើនបំផុតក្នុងពេលតែមួយ ដោយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដល់ទៅ២៩ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចនេះថា បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង ដែលជាផលប្រយោជន៍រួមរវាងប្រទេសនិងប្រជាជនទាំងពីរ។

កិច្ចព្រមព្រៀងទាំង២៩ពាក់ព័ន្ធនឹងវិស័យជាច្រើនដែលក្នុងមានជាអាថ៌៖ កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី, កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ, សេចក្តីប្រកាសបំណងស្តីពីការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ, ឯកសារស្តីពីការប្តេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូននិងរក្សាថាមពលវារីអគ្គីសនី, សេចក្តីប្រកាសបំណងស្តីពីការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ, កិច្ចសន្យាបង្កើតទីផ្សារបោះដុំ និងឯកសារអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងវិស័យសាធារណៈនិងឯកជនចំនួន ២៣ ផ្សេងទៀត។ ក្រៅពីការបំបែកឯតទគ្គកម្មលើកិច្ចព្រមព្រៀង ភាពស្និទ្ធស្នាលប្រកបដោយមនោសញ្ចេតនាដ៏ពិសេសរវាងថ្នាក់ដឹកនាំកម្ពុជា-បារាំង និងភាពស្និទ្ធស្នាលរវាងប្រធានាធិបតីបារាំងជាមួយប្រជាជនកម្ពុជា ក៏ជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយដែរ។

ទី២. ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី២០នៃអង្គការហ្វ្រង់កូហ្វូនី កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្នុងរាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅឆ្នាំ២០២៥ ការប៉ះទង្គិចដោយអាវុធបានកើតឡើង២លើករវាងកម្ពុជានិងថៃ ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្តើមបាញ់មុននោះទេ។ មនុស្សបានបាត់បង់ជីវិត ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តថា៖ «បទឈប់បាញ់ដែលបានព្រមព្រៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត ប៉ុន្តែ ស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ។ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា ខណៈដែលដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ ការធានាឱ្យជនភៀសសឹកទាំងនោះអាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង»។

ទី៣. កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងបានអនុម័តសេចក្តីសម្រេចស្តីពី «ស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី» ដែលមានខ្លឹមសារសរុបចំនួន៨៤ចំណុច គ្របដណ្តប់លើបណ្តាប្រទេស និងតំបន់សំខាន់ៗជុំវិញពិភពលោក ក្នុងនោះក៏មានបញ្ហាព្រំដែនកម្ពុជា-ថៃ ដែរ។ ពាក់ព័ន្ធនឹងកម្ពុជា សេចក្តីសម្រេច បានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អះអាងជាថ្មីអំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

សេចក្តីសម្រេចក៏បានសម្តែងការសោកស្តាយចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា ដោយអំពាវនាវឱ្យមានការធានាការការពារប្រជាជនស៊ីវិល ការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងធ្វើយ៉ាងណាឱ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញប្រកបដោយសុវត្ថិភាព និងឱ្យមានដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ, ការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់។

ទី៤. សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញ កាលពីវេលារំលងអធ្រាត្រថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ដំណើរបេសកកម្មរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីចូលរួមជំនួបកំពូលថ្នាក់តំបន់ដ៏ធំនៅហ្វីលីពីន បានកើតឡើងភ្លាមៗបន្ទាប់ពីកម្ពុជាទើបតែបិទបញ្ចប់ប្រកបដោយជោគជ័យដ៏គួរឱ្យមោទនៈនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ រួមជាមួយព្រឹត្តិការណ៍អមជាច្រើនទៀត ដែលកម្ពុជាជាម្ចាស់ផ្ទះ ហើយស្របពេលជាមួយគ្នា កម្ពុជាក៏ទទួលដំណើរទស្សនកិច្ចកិច្ចផ្លូវរដ្ឋនិងផ្លូវការចំនួន៣ផងដែរ។ ភាពសកម្ម មមាញឹកផ្នែកការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាមានអត្ថន័យច្រើនយ៉ាង និងបាននាំផលប្រយោជន៍ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជន ទាំងលើទិដ្ឋភាពនយោបាយការទូត និងសេដ្ឋកិច្ច។

ទី៥. គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជានិងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះជាការប្រកាសឱ្យដឹងពីតុលាការមជ្ឈការអចិន្ត្រៃយ៍កាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ គឺជាជំហានវិជ្ជមានមួយទៀត នៅក្នុងដំណើរការដោយសន្តិវិធីដែលផ្តួចផ្តើមឡើងដោយកម្ពុជា ដើម្បីដោះស្រាយវិវាទលើដែនសមុទ្ររវាងប្រទេសទាំងពីរ។ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការនិងភាគីទាំងពីរនឹងបន្តពិភាក្សាអំពីការកំណត់ព្រំដែនសមុទ្រដោយផ្តោតសំខាន់លើទិដ្ឋភាពបច្ចេកទេស។ កិច្ចប្រជុំនេះក៏នឹងផ្ដល់ឱកាសក្នុងការស្វែងរកបន្ថែមទៀតនូវចំណុចរួម និងការឯកភាពគ្នា៕

សូមអរគុណ!