អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ពលរដ្ឋ៣ភូមិ ក្នុងស្រុកស្វាយលើអំពាវអោយអាជ្ញាធរជួយដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងនេះ

ប្រជាសហគមន៍ប្រើប្រាស់ទឹកចំនួន៣ភូមិ នៅឃុំស្វាយលើ ស្រុកស្វាយលើ ខេត្ដសៀមរាប បានអំពាវដល់អាជ្ញាធរខេត្ដ និងរាជរដ្ឋាភិបាល អោយជួយដោះស្រាយទុយោទឹក ដើម្បីបង្ហូរទឹកពីលើភ្នំគូលេន សម្រាប់យកមកប្រើប្រាស់នៅក្នងសហគមន៍របស់គាត់នារដូវប្រាំងនេះ ខណ:ដែលទឹកនៅសហគមន៍នេះមិនគ្រប់គ្រាន់តាមតម្រូវការរបស់ពលរដ្ឋ ។
ប្រជាសហគមន៍នៅឃុំស្វាយលើ ស្រុកស្វាយលើ បានអោយអ្នកព័ត៌មានយើងដឹងដូចៗគ្នា កាលពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០នេះថា ពលរដ្ឋចំនួន៣ភូមិ បានរួបរួមគ្នាបង្កើតសហគមន៍ ដើម្បីយកទឹកពីលើភ្នំគូលេនមកប្រើប្រាស់រួមនៅតាមភូមិរយ:ពេលជាងមួយខែមកហើយ ប៉ុន្ដែសហគមន៍ទឹកមិនអាចផ្ដល់ទឹកអោយពលរដ្ឋក្នុងសហគមន៍ប្រើបានគ្រប់គ្រាន់ ដោយសារខ្វះទុយោប្រវែងជិត២ពាន់ម៉ែត្រ ដើម្បីបន្ដទឹកពីលើភ្នំមកក្រោមសម្រាប់ចែកចាយទឹកអោយប្រជាសហគមន៍តាមតម្រូវការ ខណ:ដែលទឹកនៅសហគមន៍នាពេលបច្ចុប្បន្នមានការខ្វះខាត។ ពួកគាត់បានបន្ដថា ទុយោទឹកដាក់ពីលើភ្នំគូលេន មានប្រវែងជាង៤គីឡូម៉ែត្រ ប៉ុន្ដែនៅខ្វះជាង១ពាន់ម៉ែត្រទៀត ដែលមានទំហំទឹកប្រាក់ជាង២ម៉ឺនដុល្លា ទើបអាចបង្ហូរទឹកពីលើភ្នំទៅចែកចាយតាមភូមិទាំងនោះគ្រប់គ្រាន់តាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ពួកគាត់បានបន្ដថា នៅរដូវប្រាំងនេះអ្នកភូមិមានតម្រូវការប្រើប្រាស់ទឹកខ្លាំង នៅតាមផ្ទះ ប៉ុន្ដែពួកគាត់ជាសហគមន៍មិនទាន់មានលទ្ធភាពទិញទុយោទឹកដើម្បីតទឹកចេញពីលើភ្នំបាននៅឡើយទេ ដូច្នេះអំពាវដល់សប្បុរសជន អាជ្ញាធរខេត្ដ ក៏ដូចជារាជរដ្ឋាភិបាល ជួយដោះស្រាយជូនពួកគាត់ ខណ:ដែលតម្លៃទឹកទិញពីឈ្មួញមានតម្លៃថ្លៃ ។
សម្លេងពលរដ្ឋតំណាងសហគមន៍.ប្រហែល១នាទី៥០វិទានាទី
បើតាមប្រជាសហគមន៍បានអោយដឹងថា សហគមន៍ប្រើប្រាស់ទឹកភ្នំគូលេនេះ បានបង្កើតឡើងជាច្រើនខែមកហើយ ដោយមានប្រជាពលរដ្ឋចំនួន៣ភូមិចូលរួម និងបានរៃអង្គាសថវិកាគ្នា ដើម្បីទិញសម្ភារៈប្រើប្រាស់នៅក្នុងសហគមន៍ដូចជាទុយោទឹកជាដើម។ ជាមួយគ្នានោះ ការបង្កើតសហគមន៍ ដើម្បីប្រមូលទឹកពីលើភ្នំលក់អោយប្រជាពលរដ្ឋក្នុងសហគមន៍ ដោយក្នុងមួយម៉ែត្រគូបទឹកតម្លៃ១០០០រៀលប៉ុណ្ណោះ ដែលថវិកានោះសម្រាប់ប្រើប្រាស់ក្នុងសហគមន៍ដដែល៕