សាលសន្និសីទខេត្ត កាលពីព្រឹកថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពតបានប្រារព្ធពិធីអបអរសាទរខួបលើកទី ១០៩ទិវាអន្តរជាតិនារី៨មីនាឆ្នាំ ២០២០ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ “ក្រោមអធិបតីភាព ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ ឯកឧត្តមជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ លោក-លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ព្រមទាំងបងប្អូននារីដែលមកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តក្រុងស្រុកនិងឃុំសង្កាត់សរុបប្រមាណ ជាង ១៤០០នាក់។
លោកស្រី ហួត រី ប្រធានមន្ទីរកិច្ចការនារីខេត្តស្ដីទីបានឲ្យដឹងពីលទ្ធផល ដែលមន្ទីរកិច្ចការនារីខេត្តក៏ដូចជារដ្ឋបាលខេត្តកំពតសម្រេចបានក្នុងផែនការសកម្មភាពឆ្នាំ២០១៩ កន្លងទៅនេះក្នុងសកម្មភាពកិច្ចការនារីដែលក្នុងនោះរួមមាន៖ ការងារគាំទ្រសង្គម កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី ការកែប្រែស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ស្ត្រី ការងារបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការងារគ្រប់គ្រងនិងការអភិវឌ្ឍស្ថាប័ន ការងារស្ត្រីក្នុងវិស័យសាធារណៈនិងនយោបាយ និងការងារចុះវេទិកាសាធារណៈតាមបណ្ដាស្រុក ក្រុង ដែលការងារខាងលើនេះសម្រេចបានដោយបានផ្ដើមចេញពីកិច្ចខិតខំប្រឹងប្រែង និងការគាំទ្រពីក្រសួង-ស្ថាប័ន និងថ្នាក់ដឹកនាំខេត្ត។
ពិសេសក្រោមកិច្ច ខិតខំដឹកនាំនិងគាំទ្រលើកទឹកចិត្ត ពីសំណាក់អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្តចំពោះសកម្មភាពរបស់មន្ទីរកិច្ចការនារីខេត្ត ក្នុងការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ បានធ្វើឲ្យស្ថានភាព នៃការលើកកម្ពស់ស្ត្រីនិងកុមារក្នុងខេត្តកំពតទទួលបាននូវភាពកក់ក្ដៅ នឹងមាន ជីវភាពប្រែប្រួលរីកចម្រើនក្នុងគ្រួសារក្នុងសហគមន៍និងសង្គមជាតិផងដែរ។
ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអាននូវព្រះរាជសារ របស់សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៩នៃទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២០ ដែលមានខ្លឹមសារសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននឹងកំពុងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ផ្ដោតយ៉ាងជាក់លាក់ លើការរក្សាសន្តិភាព ដើម្បីប្រជាពលរដ្ឋកម្ពុជា ទទួលបានឱកាសអភិវឌ្ឍជីវភាព និងសុខមាលភាពនៃការរស់នៅ តាមរយៈការបង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈ និងចំណេះដឹង ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចនិងសន្តិសុខសង្គម ។ ខ្លឹមសារព្រះរាជសារ ក៏បានសំដែងការអរគុណផងដែរ ចំពោះដំណើរការយ៉ាងសកម្ម នៃគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី រួមនិងស្ថាប័ននីតិបញ្ញត្តិ សម្ដេចព្រះសង្ឃរាជ មន្ត្រីសង្ឃ បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងពិសេសគាំទ្រដល់ក្រសួងកិច្ចការនារី ដែលបាននឹងកំពុងខិតខំប្រឹងប្រែង ជំរុញ សកម្មភាពរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រី រួមទាំងសីលធម៌សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាយើង។
អង្គពិធី បានបញ្ចប់ បន្ទាប់ពី គណៈអធិបតី និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក បានជូននូវកាដូជាថវិការមួយចំនួន នឹងបាច់ផ្កា ដ៏ស្រស់ស្អាតដល់ភរិយាថ្នាក់ដឹកនាំនិងបងប្អូននារីដែលជាថ្នាក់ដឹកនាំ តាមបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត និងរដ្ឋបាលក្រុង ស្រុកប្រកបដោយ បរិយាកាសសប្បាយរីករាយនិងភាពស្និតស្នាល ជឿជាក់លើសមភាពយេនឌ័រ នៅកម្ពុជា ស្របទៅតាមបរិការណ៍របស់ប្រទេសជាតិយើងក្រោម” ប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ឆ្លើយតប ទៅនឹងក្របខ័ណ្ឌថ្មីជាសកល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោឡើយ។