អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ចែកអំណោយដល់ជនរងគ្រោះ ២៣គ្រួសារនៅស្រុកពួក ដែលរងផលប៉ះពាល់ដោយខ្យល់កន្ទ្រាក់

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់២៣គ្រួសារនៅស្រុកពួក បានទទួលអំណោយសង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងទទួលបានការផ្សព្វផ្សាយអប់រំ អំពីវិធានការបង្ការ ទប់ស្កាត់ ការីរាលដាយដាលនៃវារុសកូវីត-១៩

លោកជំទាវ ទាង អេង-ទៀសីហា អនុប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ ចុះជួបប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្ទាក់ចំនួន២៣គ្រួសារ នៅវត្តពោធិរាម ហៅវត្តធិបតី ឃុំត្រីញ័រ នៃស្រុកពួក នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងពេលជួបគ្រោះមហន្តរាយកាលពីពេលថ្មីៗកន្លងមក ។
លោកជំទាវ បានថ្លែងការសំណេះសំណាល និងការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានសម្តែងនូវការចូលរួមសោកស្តាយចំពោះការបាត់ទ្រព្យសម្បត្តិ ដែលត្រូវបានបំផ្លិចបំផ្លាញដោយខ្យល់កន្រ្ទាក់នោះ ។ យ៉ាងណាក៏ដោយ ការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានផ្តល់នូវការលើកទឹកចិត្តចំពោះជនរងគ្រោះ ឲ្យបន្តងើបឈរឡើង ខិតខំជំនះការលំបាក ដើម្បីស្តារជីវភាពរស់នៅឡើងវិញ ពីព្រោះអាជ្ញាធរមូលដ្ឋាន និងបណ្តាញកាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង រងចាំជួយអន្តរាគមន៍ជួយដោះស្រាយ មិនទុកឲ្យបងប្អូនជនរងគ្រោះ ស្ថិតនៅក្នុងឯកោដោយគ្មានដំណោះស្រាយនោះឡើយ។
លោកតា រិត រឿន អាយុ៧៩ឆ្នាំ ជាគ្រួសារជនរងគ្រោះរលំផ្ទះ នៅភូមិធិបតី ឃុំត្រីញ័រ មានចំណាប់អារម្មណ៍យ៉ាងដូច្នេះថា ៖ ប្រសាសន៍លោកតា រិត រឿន
លោកជំទាវ ក៏បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះផងដែរដោយក្នុងមួយគ្រួសារៗរួមមាន: អង្ករ ត្រីខ មី អាវយឺត កន្ទេល ឃីតមួយកញ្ចប់ ស័ង្កសី និងថិកាមួយចំនួន ដែលអំណោយទាំងនោះ ត្រូវបានបន្ថែមចំនួនតាមទំហំនៃការខូចខាតរបស់ជនរងគ្រោះ ។ ឧបទ្ទវហេតុខ្យល់កន្ទ្រាក់នោះ កើតឡើងកាលពីវេលាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដោយបង្កការរងគ្រោះនៅឃុំត្រីញ័រ រលំផ្ទះ២ខ្នង របើកដំបូល១៦ខ្នង ផ្ទះប្រជាពលរដ្ឋ៣ខ្នង ទៀតរបើកដំបូលនៅឃុំល្វា ចំណែកឯនៅឃុំសសរស្តម្ភ រលំផ្ទះ១ខ្នង និងផ្ទះ១ខ្នងទៀត ត្រូវទទួលរងដោយអគ្គីភ័យ ដោយសារតែទុសេខ្សែភ្លើង ក្នុងពេលដែលមានឧបទ្ទវហេតុខ្សល់កន្ទ្រាក់នោះ៕