អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យគ្រប់បណ្តាមូលដ្ឋានទាំងអស់ បន្តរួមគ្នាគោរពតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងអនុវត្តវិធានការដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ទប់ស្កាត់រលកទី២ នៃការរាតត្បាតវារុសកូវីត១៩ទៅក្នុងសហគមន៍

នៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការគ្រប់គ្រងវិបត្តិកូវីត-១៩ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ បានបង្ហាញរបាយការណ៏ស្តីអំពីបញ្ហាប្រឈម ដែលទើបនឹងកើតឡើងថ្មីៗនេះថា មានជនខិលខូចមួយចំនួនតូចជាមេខ្យល់ បានអូសទាញឲ្យប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ឲ្យវិលត្រឡប់ទៅធ្វើការនៅប្រទេសវិញ។ ប៉ុន្មានថ្ងៃមុននេះ មានប្រជាពលរដ្ឋស្រុកក្រឡាញ់មួយចំនួន បានចាញ់ឧបាយកលនៃការអូសទាញនេះរួចទៅហើយ ធ្វើឲ្យប្រជាពលរដ្ឋទាំងនោះខាតបង់លុយកាក់និងពេលវេលាឆ្លងកាត់ការធ្វើចត្តាឡីស័កដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃជាថ្មីម្តងទៀតផងដែរ។ លោកស្រីបញ្ជាក់ថា ករណីនេះ អាជ្ញាធរស្រុកបានចាត់វិធានការដោយមានសហការជាមួយកម្លាំងសមត្ថកិច្ចផងដែរ។ លោកស្រី បានថ្លែងនូវការអំពាវនាវយ៉ាងដូច្នេះថា៖
—- សម្ភាសន៍ លោកស្រី ម៉ននី រង្សី —–
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងនូវការលើកទឹកចិត្តដល់បណ្តាថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ ដែលបានលះបង់គ្រប់បែបយ៉ាង ជំនះរាល់លំបាកទាំងឡាយដើម្បីសុខភាពនិងអាយុជីវិតប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា បើទោះជារលកទី១នៃការនាំចម្លងចូលត្រូវបានកាត់ផ្តាច់ ក៏ប៉ុន្តែការទប់ស្កាត់រលកទី២ នៃការឆ្លងវីរុសកូវីត-១៩ទៅក្នុងសហគមន៍ គឺជាកង្វល់ដ៏ធំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតម្រូវឲ្យមានការចូលរួមទាំងអស់គ្នា អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈពេលដែលកំពុងមានលំហូរចូលនៃប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃវិញនោះ។
នៅក្នុងកិច្ចប្រជុំនោះ បើទោះជាមានការលើកឡើង ស្តីអំពីបទពិសោធន៍ជាក់ស្តែងផ្សេងៗគ្នាតាមលទ្ធភាពរបស់បណ្តាស្រុកនានានោះក៏ដោយ ក៏ប៉ុន្តែលទ្ធផលជារួម បានទទួលស្គាល់ថា គិតត្រឹមថ្ងៃទី២៨ខែមេសានេះ ប្រជាពលរដ្ឋខ្មែរចំណួលស្រុកមកពីប្រទេសថៃវិញប្រមាណជាង១២ពាន់នាក់ ក្រោយពីការយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក និងដាក់ឲ្យនៅដោយឡែ១៤ថ្ងៃ មន្រ្តីជំនាញពុំមានរកឃើញករណីវិជ្ជមានវារុសកូវិត-១៩ នៅក្នុងចំណោមប្រជាពលរដ្ឋទាំងនោះឡើយ។