(ភ្នំពេញ) ៖ បន្ទាប់ពីជំនួបពិភាក្សាការងារ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥។
ឯកសារទាំង៥ ដែលត្រូវបានចុះហត្ថលេខា ក្រោមវត្តមានរបស់មេដឹកនាំកំពូលទាំង២រួមមាន៖
*ទី១.ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក
*ទី២.សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក។ ពិធីសារទាំងពីរចុះហត្ថលេខាដោយលោក ង្វៀន វ៉ាន់ថេរ (Nguyen Van The) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា
*ទី៣.អនុស្សារណៈនៃការយោគយល់គ្នាស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង២៥លានដុល្លាអាមេរិក សម្រាប់ការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភា។ ចុះហត្ថលេខាដយលោក ឌីញ គៀនយ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា
*ទី៤.កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩-២០២០។ ចុះហត្ថលេខាដោយលោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា
*ទី៥.អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម។ ចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕