នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ត ទៀ សីហា ប្រធានគណ:កម្មាធិការសាខា និងជាអភិបាលខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត បានរៀបចំពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅប្រាសាទបាលិលេយ្យ ស្ថិតក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ដែលពិធីនេះប្រារព្ធឡើងបែបព្រះពុទ្ធសាសនា និងមានចែកអំណោយប្រជាពលរដ្ឋទីទ័លក្រចំនួន ៣០គ្រួសារ និងតាជី យាយជីជាង ៣០នាក់ ។
ក្នុងឱកាសនោះ សមាជិកសមាជិកា បានអុជទៀនធូប ថ្វាយផ្កាភ្ញី ចំពោះព្រះពុទ្ឋរូបក្នុងការបួងសួងដល់ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងតរៀងទៅ ។
ជាមួយគ្នានេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអានសារលិខិតថ្វាយព្រះពរ នូវសព្ទសាធុការពរជ័យ សិរីសួស្តី វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ ។
គួររំលឹកថា ក្នុងឱកាសនៃពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្ត បាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ១៣អង្គ តំណាង៧វត្ត , ជូនដូនជីតាជីជាង៣០នាក់ និងផ្តល់អំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមខេត្តដល់ប្រជាពលរដ្ឋក្រីក្របំផុតចំនួន៣០គ្រួសារផងដែរ ៕