អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កម្មវិធីវេទិកាសាធារណៈ ថ្នាក់ឃុំ សង្កាត់ជាគោលដៅសំខាន់ដើម្បីដោះស្រាយឆ្លើយតបបញ្ហាកង្វល់សំណូមពរជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែមានប្រសិទ្ធភាព

អភិបាលខេត្តកំពតឯកឧត្តមជាវ តាយបានលើកបញ្ជាក់ថា ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឲ្យបានកាន់តែមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលជាផ្លែផ្កាពិតប្រាកដ ឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ វេទិកាសាធារណៈចុះជួបជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឃុំសង្កាត់ នៅតែជាគោលដៅសំខាន់ចម្បងរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយឆ្លើយតបបញ្ហាកង្វល់សំណូមពរជូនប្រជាពលរដ្ឋឱ្យបានកាន់តែមាប្រសិទ្ធភាព។
ការលើកឡើងបែបនេះរបស់ឯកឧត្តមជាវ តាយអភិបាលខេត្ត គឺនៅក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី ២២ខែមិថុនាឆ្នាំ២០២០ស្ដីពីការពិនិត្យពិភាក្សា លើរបាយការណ៍ខ្លឹមសារ ដើម្បីត្រៀមរៀបចំដាក់ឆ្លងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅបន្តការងារឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតនាពេលខាងមុខឆាប់ៗនេះ។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថាកម្មវិធីវេទិកាសាធារណៈចុះមូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក ដែលបង្កើតឡើងនិងដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាកម្មវិធីមួយ នៅតែមានប្រសិទ្ធភាពនិងមានសារៈសំខាន់ក្នុងការជួបសួរសុខទុក្ខនិងស្ដាប់សភាពការណ៍ បញ្ហាប្រឈម សំណូមពរនិងកង្វល់នានារបស់ប្រជាពលរដ្ឋផ្ទាល់នៅមូលដ្ឋានដើម្បីជួយដោះស្រាយជូនពួកគាត់ឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមជាវ តាយអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ក៏បានបន្តទៀតថា ក្នុងរយៈពេលកន្លងមកក្រុមការងារមិនត្រឹមតែបានជួយសម្របសម្រួលដោះស្រាយលើសំណូមពរបញ្ហាកង្វល់បញ្ហាផ្សេងៗតាមរយៈវេទិកាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរតែប៉ុណ្ណោះទេ។ជាក់ស្ដែងស្របពេលទូទាំងសកលលោកជួបវិបត្តិស្ថានភាព ជំងឺឆ្លងកូវីដ១៩ក្នុងឆ្នាំ ២០២០នេះ ក្នុងនោះកម្ពុជាយើងក៏ដូចជានៅក្នុងខេត្តកំពតក៏ទទួលរងនូវឥទ្ធិពលនៃជំងឺនេះដែលធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់វិស័យ រួមនឹងការចុះបំពេញបេសកកម្មរបស់ក្រុមការងារផងដែរ ។ ប៉ុន្តែក្រោមការដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងនោះផងដែរដោយមានការណែនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានដាក់ចេញផែនការ ដល់ក្រុមការងារគ្រប់ថ្នាក់ ចុះមូលដ្ឋានជួបជាមួយប្រជាពលរដ្ឋ ធ្វើការណែនាំអប់រំផ្សព្វផ្សាយ រួមនឹងការជួយដោះស្រាយការជួបលំបាកខ្វះខាតដល់ប្រជាពលរដ្ឋ ក្នុងស្ថានភាពទប់ស្កាត់មិនឲ្យមានការរីករាលដាលជំងឺកូវីដ១៩នេះបន្តដល់សហគមន៍ប្រកបដោយប្រសិទ្ធភាពល្អប្រសើរផងដែរ។
ដូច្នេះក្នុងកិច្ចប្រជុំពេលនេះ ឯកឧត្តម
ជាវ តាយអភិបាលខេត្ត បានចាត់ទុកពិតជាមានសារៈសំខាន់ និងស្នើឱ្យ សមាជិក សមាជិកា ក្នុងកិច្ចប្រជុំដែលជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុកទាំងអស់ ចូលរួមពិនិត្យពិភាក្សា ដើម្បីឆ្លុះបញ្ចាំងរាល់របាយការណ៍សកម្មភាព លទ្ធផលការងារក្នុងរយៈពេលបំពេញភារកិច្ចក្នុងឆមាសទី១ឆ្នាំ ២០២០ នេះ ក៏ដូចជាការដាក់ទិសដៅអនុវត្តបន្ត ដើម្បីត្រៀមដាក់ឆ្លងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២០របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតដែលនឹងត្រៀមធ្វើឡើងនៅដើមខែកក្កដាឆ្នាំ២០២០ខាងមុខនេះក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។
នៅក្នុងរបាយការណ៍របស់ក្រុមការងារចុះមូលដ្ឋាខេត្តកំពត រយៈពេលប្រាំមួយខែដើម ឆ្នាំ២០២០នេះក្នុងនោះបានចុះស្វែងរកតម្រូវការបញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋ នៅឃុំ សង្កាត់បណ្ដាក្រុង ស្រុកទាំងប្រាំបីសរុបមានចំនួន២៦០លើកស្មើនឹង៩៣ឃុំសង្កាត់មានប្រជាពលរដ្ឋចូលរួម ១៤.៤៤៦នាក់ ប្រមូលបានបញ្ហាសំណូមពរចំនួន ៩០២ករណី ក្នុងនោះដោះស្រាយបានចំនួន៥៤០ករណីកំពុងដោះស្រាយ៣១៥ ករណីនឹងមិនទាន់ដោះស្រាយចំនួន៤៧ករណី។