ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថា សេវាកម្មទេសចរណ៍ ចំនួន០៦ កំពុងដំណើរការ រួមមាន ទី១- សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍, ទី២- សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍, ទី៣- សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក, ទី៤- សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក, ទី៥- តំបន់រមណីយដ្ឋានទេសចរណ៍ និងទី៦- សហគមន៍ទេសចរណ៍ ចាំបាច់ត្រូវបន្តអនុវត្តន៍នូវវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលក្រសួងទេសចរណ៍បានរៀបចំ និងដាក់ឲ្យអនុវត្តន៍។ ដោយឡែក ខារ៉ាអូខេ និងក្លឹបកំសាន្តនានាទូទាំងប្រទេស នៅតែបន្តផ្អាកជាបណ្តោះអាសន្នសិន។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ “ការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ” នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា យោងតាម អង្គការទេសចរណ៍ពិភពលោក (UNWTO) ទទួលស្គាល់ថា វិស័យទេសចរណ៍គឺជាវិស័យងាយរងគ្រោះពីឥទ្ធិពល នៃជំងឺកូវីដ-១៩ (CoVid-19) ហើយជាវិស័យកំពុងទទួលឥទ្ធិពលអវិជ្ជមាននៅទូទាំងសកលលោក (កំណើនទេសចរណ៍សកលលោកនឹងមិនអាចសម្រេចបានតាមការគ្រោងទុកនោះទេ)។ ទន្ទឹមនោះ អង្គការទេសចរណ៍ពិភពលោកបានស្នើឲ្យប្រទេសជាសមាជិកត្រូវមានការប្រុងប្រយ័ត្ន ក្នុងការទប់ស្កាត់ និងបង្ការជំងឺនេះ និងស្នើឲ្យវិស័យឧស្សាហកម្មទេសចរណ៍ត្រូវអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ឬក្រសួងសុខាភិបាលតាមប្រទេសនីមួយៗឲ្យបានជាប្រចាំ។
លើកឡើងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា ស្របពេលវិស័យទេសចរណ៍ក្នុងខេត្ត មានផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ រដ្ឋបាលខេត្តបាននឹងកំពុងខិតខំប្រើប្រាស់លទ្ធភាពដែលមាន ដើម្បីស្ថាបនា ក៏ដូចជាស្ដារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង និងតាមបណ្ដាស្រុក ដើម្បីរង់ចាំទទួលភ្ញៀវទេសចរណ៍ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ឬបញ្ចប់តែម្ដង។
ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបង្ហាញពីការយកចិត្ត តាមរយ:ការចង្អុលបង្ហាញ ពីក្រសួងទេសចរណ៍ លើកិច្ចសហប្រតិបត្តិការល្អជាមួយផ្នែកឯកជន និងមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាខេត្តទេសចរណ៍មួយនេះឱ្យកាន់តែច្រើនបន្ថែមទៀតនាពេលខាងអនាគត។
គួររំលឹកថា ស្ថានភាពភ្ញៀវទេសចរនៅឆ្នាំ២០១៩ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៦.៦លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក នៅទូទាំងប្រទេសមានចំនួនជាង ១១លាននាក់ ក្នុងកំណើនអត្រាប្រមាណ ២ភាគរយ ។ ដោយឡែក ក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ជាង១លាននាក់ ធ្លាក់ចុះ -៥២ភាគរយ ធៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៩ ៕