អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្ដម ម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូន ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំអាគារ(ឃ)សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក ទាំង៨ លោកអភិបាល អភិបាលរង ក្រុងស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យ និងអង្គភាពទាំង១៣ ចំណុះរដ្ឋបាលក្រុង ស្រុកទាំង៨ និងគ្រូបង្គោលអញ្ជើញមកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន ចំនួន២រូប សរុបវត្តមានចំនួន២៤០នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងការអរគុណចំពោះគណៈអធិបតីព្រមទាំងសិក្ខាកាមទាំងអស់ដែលជាថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការនៅតាមរដ្ឋបាលក្រុង ស្រុក នៅក្នុងខេត្តស្វាយរៀង ដែលបានចំណាយពេលវេលារបស់ខ្លួនដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ក៏ដូចចូលរួមនៅក្នុងវគ្គតម្រង់ទិសដ៏មានសារៈសំខាន់នៅថ្ងៃនេះ។

ឯកឧត្តមបន្តថា ការដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀតដូចជា៖
១-ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍ នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាព ដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២-ការផ្លាស់ប្តូរនូវខ្សែគណនេយ្យភាព និងរបៀបរបបនៃការបំពេញការងារមានន័យ ថារដ្ឋបាលក្រុងស្រុក ខណ្ឌ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ន នីមួយៗទទួលខុសត្រូវ។

ជាចុងបញ្ចប់ឯកឧត្តមអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់បើកចិត្តឱ្យទូលាយទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗដែលមានប្រយោជន៍ ព្រមទាំងទុកការងាររបស់ខ្លួនមួយឡែក និងត្រូវចូលរួមឱ្យបានសកម្មក្នុងវគ្គតម្រង់ ទិសតាំងពីដើមរហូតដល់ចប់កម្មវិធី និងខិតខំធ្វើការឆ្លុះបញ្ចាំងឱ្យបានផុសផុលរវាងសិក្ខាកាម និងសិក្ខាកាម និងរវាងសិក្ខាកាម និងគ្រូឧទ្ទេស៕