អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងកសិកម្មដឹកនាំដោយ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន

នាព្រឹកថ្ងៃទីចន្ទ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយប្រតិភូក្រសួងកសិកម្មដឹកនាំដោយ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន។

ជំនួបនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូក្រសួងកសិកម្ម ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម ថាច់ រតនា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរកសិកម្មខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្មបានជម្រាបជូនអំពីវិស័យអធិភាពសំខាន់ៗទាំង០៥ក្នុងឆ្នាំ២០១៩-២០២៣ រួមមាន៖ ១-ផ្នែកវ៉ារីវប្បកម្ម ២- អនុក្រឹត្យ២៤០ ស្តីពីការតែងតាំងមន្ត្រីរាជការ ៣-អនុក្រឹត្យលេខ២៨២ ស្តីពីសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ ៤-អនុក្រឹត្យ១៥៦ ស្តីពីស្តីពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ៥- បុគ្គលិក និងការអភិវឌ្ឍធនធានមនុស្សជាដើម។ ទន្ទឹមនេះឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើដល់រដ្ឋបាលខេត្ត ជួយគាំទ្រនូវភាពខ្វះចន្លោះ ដើម្បីបំពេញបន្ថែមរួមមានផ្នែកសំខាន់ៗក្រៅពីក្រសួងផ្តល់ឱ្យមន្ទីរ កសិកម្មខេត្ត។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានថ្លែងអំណរគុណចំពោះឯកឧត្តរដ្ឋលេខាធិការក្រសួងកសិកម្ម និងប្រតិភូដែលបានឆ្លៀតពេលវេលាដ៏មានតំលៃអញ្ជើញចុះពិនិត្យការងារកសិកម្មក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងបានឆ្លៀតពេលជួបពិក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀងនាពេលនេះ។ ជាមួយនេះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីវឌ្ឍនៈភាព នៃវិស័យកសិកម្មខេត្តស្វាយរៀង ដែលមន្ទីរកសិកម្ម បានអនុវត្តនាពេលកន្លងមក តាំងពីអាណត្តិដឹកនាំរបស់ឯកឧត្តម ថាច់ រតនា និងកំពុងបន្តធ្វើក្នុងអាណត្តិដឹកនាំរបស់់លោកប្រធានមន្ទីរថ្មី បានយកចិត្តទុកដាក់លើការងារអាទិភាពសំខាន់ៗជាច្រើន ដែលបំរើឱ្យវិស័យកសិកម្មជួយ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រនានាក្នុងខេត្តស្វាយរៀង ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ១៩នេះ។
ជាចុងបញ្ជប់ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការគាំទ្រនូវអ្វីដែលជាសំណូមពរបស់ឯឧត្តមរដ្ឋលេខាធិការក្រួសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីបញ្ហាដែលមន្ទីរកសិកម្មខេត្តជួបប្រទះរដ្ឋបាលខេត្ត និងជួយគាំទ្របំពេញបន្ថែម ។