អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម ប៉ែន បូណា៖ ៧មករា ថ្ងៃមួយអត្ថន័យបី

ថ្ងៃនេះយើងទាំងអស់គ្នាមានអាយុ៤៥ ឆ្នាំហើយ។ សូមកុំភ្លេចថា ខ្មែរយើងមានខួបកំណើត២គឺ ខួបកំណើតដែលឪពុកម្តាយយើងបានផ្តល់ឱ្យរៀងៗខ្លួន និងខួបកំណើតរួមដែលយើងរួចផុតពីសេចក្តីស្លាប់នៅថ្ងៃ ៧មករា ១៩៧៩។ សូមអបអរសាទរថ្ងៃកំណើតទី២ដ៏នក្ខត្តឫក្សរបស់ខ្មែរទាំងអស់គ្នា ប្រកបដោយក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព។
ទន្ទឹមនឹងនោះដែរ ថ្ងៃនេះក៏ជាថ្ងៃរម្លឹកប្រវត្តិសាស្ត្រដ៏ឈឺចាប់ខ្លោចផ្សារបស់យើងពីអតីតកាល។ កម្ពុជា ទឹកដីអង្គរដ៏បវរនៃយើងបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម រហូតក្លាយជាវាលពិឃាដចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៦មករា ១៩៧៩ ដែលបានឆក់យកជីវិតជនជាតិខ្មែរប្រមាណ៣លាននាក់យ៉ាងអយុត្តិធម៌បំផុត។ នេះគឺជារបត់ប្រវត្តិសាស្ត្រដ៏ឈឺចាប់ដែលខ្មែរគ្រប់រូបនិងគ្រប់ជំនាន់ត្រូវកត់ត្រាទុកគ្មានថ្ងៃបំភ្លេចបាននិងបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។
ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលយើងរម្លឹកគុណូបការៈដល់វីរជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងយកជីវិតធ្វើដើមទុនដើម្បីផ្តល់កំណើតទី២ឱ្យយើង នាំសុខសន្តិភាព និងការអភិវឌ្ឍន៍ឱ្យយើង។ បើគ្មានថ្ងៃ៧មករាទេ យើងក៏គ្មានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះដែរ។ គ្រប់យ៉ាងដែលយើងមានគឺផ្តើមចេញពីសិទ្ធិរស់រានមានជីវិត។
នេះគឺជាអត្ថន័យ ៧មករា៖ថ្ងៃមួយអត្ថន័យបី ពោលគឺជាថ្ងៃអបអរខួបកំណើតទី២របស់ខ្មែរ ថ្ងៃចងចាំប្រវត្តិសាស្ត្រខ្មៅងងឹតពីអតីតកាល និងថ្ងៃរម្លឹកគុណូបការៈវីរបុរសដែលបានជួយសង្គ្រោះជីវិតយើងពីជ្រោះមរណៈ៕