អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃប្រជាធិបតេយ្យនៅកម្ពុជា

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានទទួលប្រជាប្រិយភាពកាន់តែខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិតាមរយៈសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងឥតឈប់ឈរ។

ប្រជាប្រិយភាពនៅក្នុងប្រទេសឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតពីរលើកចុងក្រោយ៖ ទី១គឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ ២០២៣៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដោយដណ្តើមបាន ១២០ អាសនៈក្នុងចំណោម១២៥ អាសនៈនៅក្នុងរដ្ឋសភា។ ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ កុម្ភៈកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រដល់ទៅជិត៩៥% នៃចំនួនអង្គបោះឆ្នោតសរុបដោយត្រូវកាន់កាប់ ៥៥ អាសនៈក្នុងចំណោម៥៨អាសនៈដែលចេញពីការបោះឆ្នោតអសកល។ សំឡេងគាំទ្រទាំងនេះកើនឡើងខ្ពស់ហួសពីការរំពឹងទុក។

នៅឯក្រៅប្រទេសឯណោះវិញ គ្រប់ទ្វីបដែលមានពលរដ្ឋខ្មែររស់នៅ ចំនួនអ្នកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងដូចទឹកបាក់ទំនប់។ ជាក់ស្តែង នៅគ្រប់ទិសទីដែលប្រមុខដឹកនាំកម្ពុជាទៅដល់ មានពលរដ្ឋខ្មែរយ៉ាងច្រើនកុះករបានស្កាត់មកទទួលស្វាគមន៍ អបអរសាទរ និងចង់ជួបសំណេះសំណាល។ តាំងពីអាម៉េរិក អឺរ៉ុប រហូតដល់អូស្ត្រាលី ចំនួនអ្នកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងជាលំដាប់ ខណៈដែលសំឡេងអ្នកធ្វើបាតុកម្មប្រឆាំងកាន់តែខ្សត់ខ្សោយទៅៗស្ទើរតែរីងស្ងួតទៅហើយ។

ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលដែលបានកើនឡើងយ៉ាងលឿនបែបនេះក៏ព្រោះតែសមិទ្ធផលធំធេងអស្ចារ្យដែលរាជរដ្ឋាភិបាលបានសាងជូនប្រជាពលរដ្ឋខ្មែរ ជាពិសេស គឺសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យដែលប្រជាពលរដ្ឋបាននឹងកំពុងទទួលផល។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរចេះបែងចែករវាងសភាវៈល្អនិងសភាវៈអាក្រក់ រវាងអ្នកដែលខិតខំធ្វើការងារពិតប្រាកដដើម្បីបម្រើប្រទេសជាតិនិងប្រជាជន និងអ្នកដែលមិនបានធ្វើអ្វីសោះហើយអង្គុយចាំតែនិយាយបរិហារអ្នកដទៃ។

ប្រជាប្រិយភាពដែលរាជរដ្ឋាភិបាលទទួលបាន គឺជាយុត្តិធម៌ដែលផ្តល់ដោយប្រជាពលរដ្ឋម្ចាស់ប្រទេស ហើយវាជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃនៃប្រជាធិបតេយ្យនៅកម្ពុជា៕

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល