អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ការសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីឆ្លុះបញ្ចាំងពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រនិងអ្នកប្រឆាំង

ទី១៖ ពលរដ្ឋខ្មែរអ្នកសម្តែងមតិគាំទ្ររាជរដ្ឋាភិបាលនៅអូស្ត្រាលីកាលពីម្សិលមិញមានចំនួនច្រើនលើសលប់បើធៀបនឹងចំនួនអ្នកសម្តែងមតិប្រឆាំង។ ពួកគេសម្តែងមតិប្រកបដោយសេចក្តីថ្លៃថ្នូរដោយមិនបាននិយាយអ្វីប៉ះពាល់ដល់ក្រុមអ្នកប្រឆាំងទាល់តែសោះ ពោលគឺពួកគេបង្ហាញតែពីមនោសញ្ចេតនាប្រកបដោយការស្រឡាញ់ពេញចិត្តចំពោះរាជរដ្ឋាភិបាល និងសម្តេចធិបតីនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។

ទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំមិនឱ្យអ្នកគាំទ្រតបតជាមួយអ្នកប្រឆាំងឡើយទោះជាពួកគេប្រើពាក្យពេចន៍មិនសមរម្យមកលើសម្តេចនិងក្រុមអ្នកគាំទ្ររាជរដ្ឋាភិបាលយ៉ាងណាក៏ដោយពីព្រោះសម្តេចមិនចង់ឃើញជម្លោះបែកបាក់រវាងខ្មែរនិងខ្មែរនៅស្រុកគេឡើយ។

ទី៣៖ ក្រុមអ្នកសម្តែងមតិប្រឆាំងដែលមានគ្នាតិចតួច រួមទាំងបណ្តាញផ្សាយព័ត៌មានគាំទ្រពួកគេផង បានបំពានទៅលើសិទ្ធិអ្នកគាំទ្ររាជរដ្ឋាភិបាលតាមរយៈការចោទប្រកាន់ថា ទទួលលុយកាក់ ហើយចោទរាជរដ្ឋាភិបាលថា បានជួលមនុស្សឱ្យមកសម្តែងជាដើម។ លើសពីនេះ គឺពួកគេថែមទាំងបានប្រើពាក្យពេចន៍ប្រមាថដល់រាជរដ្ឋាភិបាលនិងសម្តេចនាយករដ្ឋមន្ត្រីយ៉ាងច្រើន។ ទាំងនេះគឺជាការបំពានសិទ្ធិនិងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

ទិដ្ឋភាពបែបនេះឆ្លុះបញ្ចាំងឱ្យឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំប្រកបដោយព្រហ្មវិហារធម៌និងចង់ឃើញខ្មែររួបរួមគ្នានៅគ្រប់ទិសទី។ នេះគឺជាទឹកចិត្តមេដឹកនាំដែលមិនខុសពីទឹកចិត្តឳពុកម្តាយចំពោះកូនឡើយ។ ចំណែកអ្នកគាំទ្ររាជរដ្ឋាភិបាលវិញមានភាពចាស់ទុំខាងប្រជាធិបតេយ្យគួរឱ្យគោរពដោយពួកគេសម្តែងមតិប្រកបដោយភាពថ្លៃថ្នូរ និងចេះគោរពសិទ្ធិអ្នកដទៃ។

សកម្មភាពជាក់ស្តែងបែបនេះធ្វើឱ្យការចោទប្រកាន់ មួលបង្កាច់នានាមកលើរាជរដ្ឋាភិបាលបានសាបរលាបទាំងស្រុង ហើយជាផលជះទៅក្រុមអ្នកចោទប្រកាន់មួលបង្កាច់គេវិញគឺមិនខុសអ្វីពី«បាចអង្កាមបញ្ច្រាសខ្យល់»ឡើយ។ នេះហើយគឺជាប្រៀបខ្លាំងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលឆក់ទាញបេះដូងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឱ្យងាកមកគាំទ្រដូចទឹកបាក់ទំនប់៕