អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សមិទ្ធផលកើតរាល់ថ្ងៃដោយស្នាដៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

ជារៀងរាល់សប្តាហ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែចេញមុខជាសាធារណៈស្ទើរតែមិនលស់ថ្ងៃដើម្បីសម្ពោធសមិទ្ធផល ឬធ្វើជាអធិបតីក្នុងពិធីដែលរៀបចំឡើងដោយក្រសួង ស្ថាប័នផ្សេងៗដោយបង្ហាញអំពីសមិទ្ធផល ស្នាដៃ ដែលសម្រេចបានក្នុងឆ្នាំចាស់ និងលើកទិសដៅសម្រាប់ឆ្នាំថ្មីដើម្បីអនុវត្តជាប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។

សកម្មភាពបែបនេះបានកើតឡើងតាំងពីសម័យដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីមកម៉្លេះ និងបានក្លាយទៅជាប្រពៃណីរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទៅហើយ។ ក្នុងនាមជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រីតែម្តងមានពេលតិចណាស់ដើម្បីសម្រាកពីព្រោះពេលវេលាស្ទើរតែទាំងស្រុងត្រូវបានចំណាយទៅលើការងារសព្វសារពើដើម្បីបម្រើប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។

ការគិតគូរនិងគូសវាសឱ្យចេញជាផែនការយុទ្ធសាស្ត្រដឹកនាំប្រទេស និងការរៀបចំសកម្មភាពការងារដើម្បីឈានទៅសម្រេចគោលដៅ គឺជាបេសកកម្មដ៏ធំធេងរបស់ថ្នាក់ដឹកនាំ ហើយបេសកកម្មនេះទៀតសោតទាមទារនូវការប្តេជ្ញាចិត្ត សមត្ថភាព ជំនាញ ឆន្ទៈការងារខ្ពស់និងទស្សនៈវិស័យវែងឆ្ងាយទើបអាចសម្រេចបានលទ្ធផលជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋ។ សមិទ្ធផលទាំងនេះក៏មិនអាចសម្រេចជារូបរាងបានដែរប្រសិនបើគ្មានសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុត និងបើគ្មានការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រាំពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទេនោះ។

ការធ្វើសកម្មភាពមិនចេះនឿយហត់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគឺជាចលករជំរុញការអភិវឌ្ឍប្រទេសឱ្យមានសន្ទុះទៅមុខជាលំដាប់។ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព អគារខ្ពស់ទាបគ្រប់ប្រភេទ ហាងទំនិញ ផ្សារទំនើប យានយន្តកកកុញពេញដងផ្លូវ ភ្លើងអគ្គិសនីព្រោងព្រាត សកម្មភាពសេដ្ឋកិច្ចរស់រវើក ការកម្សាន្តសប្បាយប្រកបដោយស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសនៅលើទឹកដីកម្ពុជា គឺជាទិដ្ឋភាពដែលយើងបានឃើញជារៀងរាល់ថ្ងៃ។

ទិដ្ឋភាពទាំងនេះមិនមែនកើតឡើងដោយចៃដន្យនិងដោយងាយស្រួលឡើយ ប៉ុន្តែ វាគឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់និងភាពសកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន។

សរុបមក គេអាចនិយាយបានថា សមិទ្ធផលកើតរាល់ថ្ងៃដោយស្នាដៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ គ្មានសមិទ្ធផលណាកើតចេញពីការអង្គុយហារមាត់និយាយដោយមិនបានធ្វើអ្វីទាល់តែសោះនោះឡើយ៕

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល