សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំ នៃប្រទេសអាស៊ានដទៃទៀត បានអញ្ជើញទៅដល់សាធារណរដ្ឋសិង្ហបុរី ជា ទីដែលបណ្តាមេដឹកនាំ នៃប្រទេសអាស៊ាន និងប្រទេសជាដៃគូអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំ ពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ពីថ្ងៃទ១៣ដល់ថ្ងៃទី១៥ វិច្ឆិកា។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិ ចាងងី សាធារណរដ្ឋសឹង្ហបុរី កាលពីវេលាម៉ោង១០និង៥៧នាទី ម៉ោងនៅសាធារណរដ្ឋសិង្ហបុរី ត្រូវនិងម៉ោង៩និង៥៧នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពី ឯកឧត្តម ម៉ូហាម៉េត ម៉ាលីគី ប៊ីនអូស្មាន (Mohammed Maliki Bin Osman) ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពារ និងកិច្ចការបរទេសរបស់សឹង្ហបុរី ឯកឧត្តម ងួន សុខវេង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសសឹង្ហបុរី ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលសឹង្ហបុរី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសសឹង្ហបុរីជាច្រើនរូប។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន»។