សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីទាំងមូល បានថ្លែងសាទរចំពោះសមិទ្ធផលធំធេងដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រេចបានក្នុងរយៈពេលមួយឆ្នាំដំបូង ជាពិសេសកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការគន្លឹះ៥ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមក្នុងបរិបទនៃការវិវត្តអន្តរជាតិដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ ក៏កម្ពុជាបាននិងកំពុងបន្តដំណើរក្នុងគន្លងមួយប្រកបដោយភាពវិជ្ជមាន និងសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ។ ជាក់ស្តែង កម្ពុជារក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយក៏បានបន្តពង្រឹងនិងពង្រីកទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយថែមទាំងបានដំឡើងកម្រិតទំនាក់ទំនងជាមួយបណ្តាប្រទេសមួយចំនួនថែមទៀត ដូចជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយជប៉ុន «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយថៃ និងកូរ៉េខាងត្បូង។ ទន្ទឹមនឹងនោះ កម្ពុជាក៏បានឯកភាពជាមួយប្រទេសបារាំង ក្នុងការពង្រីកទំនាក់ទំនងបន្ថែមដើម្បីឈានទៅរកភាពជា «ដៃគូយុទ្ធសាស្ត្រ» នាពេលខាងមុខ៕