អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស

នៅវិមានសន្តិភាព រសៀលថ្ងៃសុក្រ​ ៩រោចខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោក ចាង ឈុនហ្ស៊ាន (Zhang Chunxian) អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស។
នៅក្នុងជំនួបនេះលោក Zhang Chunxian បានមានប្រសាសន៍ថា នេះគឺជាលើកទី៣ហើយ ដែលឯកឧត្តមបានមកទស្សនៈកិច្ចនៅកម្ពុជា ហើយបានកត់សម្គាល់ឃើញថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ មានការរីកចម្រើនខ្លាំង លើគ្រប់វិស័យ ប្រជាជនរស់នៅ ប្រកបដោយសេរីភាព និង​សន្តិភាព។​ លោកក៏បានកោតសរសើ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ដែលបានដឹកនាំប្រទេស ឲ្យមានការរីកចម្រើន ដូចពេលបច្ចុប្បន្ននេះ។

លោក Zhang Chunxian បានលើកឡើងដែរថា បើទោះបីជាបណ្តាប្រទេសលោកខាងលិចមួយចំនួន បានសម្តែងមតិពីនេះពីនោះ ស្តីពីកម្ពុជាក៏ដោយ ​ប៉ុន្តែប្រជាជនចិន ជាង១ពាន់លាននាក់ គឺស្គាល់ឈ្មោះច្បាស់ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន។ លោកបានបញ្ជាក់ថែមទៀតថា ទំនាក់ទំនងកម្ពុជា-ចិន បានឆ្លងកាត់ឧបសគ្គច្រើន និងគ្រប់បែបយ៉ាង ធ្វើឲ្យប្រទេសទាំងពីរ ស្គាល់ចិត្តគ្នា ក្លាយជាមិត្តដែកថែប ហើយទាំងថ្នាក់ដឹកនាំ និងប្រជាជនចិន តែងតែកោតសរសើ និងដឹងគុណ ចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ភ្ជាប់គោលនយោបាយចិនតែមួយ គាំទ្រគ្នាទៅវិញទៅមក ទាំងបញ្ហាក្នុងតំបន់និងអន្តរជាតិ ដើម្បីការរីកចម្រើន រួមចំណែកដល់សុខសន្តិភាព នៅក្នុងតំបន់និងពិភពលោកទាំងមូល។ លោកបន្តថា ចិនគឺតែងតែគោរព គាំទ្រកម្ពុជា ​ដើរតាមគោលនយោបាយសមស្របរបស់ខ្លួន ឥតមានលក្ខខណ្ឌទេ តាមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់កម្ពុជា។