អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»

បទអន្តរាគមន៍របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី

…………………….

ថ្ងៃនេះ ខ្ញុំសូមលើកឡើងចំណុចមួយចំនួនជូនបងប្អូនជនរួមជាតិជាពិសេសអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គមទាំងឡាយជ្រាបដូចខាងក្រោម៖

ទី១៖ កិច្ចព្រមព្រៀងឈប់បាញ់ដែលចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំពុងបោះជំហានទៅមុខជាវិជ្ជមានតាមរយៈលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងកំឡុងពេលអនុវត្តបទឈប់បាញ់ គឺមានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ទាំងពីរលើកចុងក្រោយ គឺនៅថ្ងៃទី១៦ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដែលសុទ្ធតែទទួលបានលទ្ធផលជាផ្លែផ្កា។ ការវិវឌ្ឍន៍ជាវិជ្ជមាននេះ គឺជាសមិទ្ធផលនៃការគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ប្រកបដោយភាពអត់ធ្មត់ខ្ពស់ដែលខ្ញុំតែងតែលើកម្តងហើយម្តងទៀតជំរាបជូនជនរួមជាតិស្ទើរតែរៀងរាល់ថ្ងៃដោយសង្កត់ធ្ងន់ម្តងហើយម្តងទៀតលើការអត់ធ្មត់ និងការរក្សាឱ្យបានស្មារតីសាមគ្គីឯកភាពជាតិ គឺជារឿងសំខាន់បំផុតក្នុងដំណាក់កាលនេះ។ ដូច្នេះ តាមរយៈការអត់ធ្មត់ដែលយើងបានប្រកាន់យកសញ្ញាល្អបានលេចឡើងជាបន្តបន្ទាប់ ដែលគប្បីយើងបន្តធ្វើដើម្បីសម្រេចគោលដៅដែលរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋយើងចង់បាន គឺដំណោះស្រាយដោយសន្តិវិធី និងសន្តិភាព។

ទី២៖ ពាក់ព័ន្ធនឹងការរាយបន្លាលួសនិងសំបកកង់ឡានពីសំណាក់កងទ័ពថៃ ខ្ញុំសូមដកស្រង់ចំណុចមួយដែលមាននៅក្នុងសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃ (RBC) កាលពីថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ប្រទេសថៃដែលមានខ្លឹមសារថា ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងការស្វែងរកវិធានការជាក់ស្តែងដើម្បីដោះស្រាយបញ្ហាការរាយសួសបន្លា និងសំបកកង់ព្រមទាំងការបង្កឧបសគ្គផ្សេងៗក្នុងគោលបំណងកាត់បន្ថយការលំបាកដែលសហគមន៍មូលដ្ឋានកំពុងប្រឈម សម្រួលការវិលត្រឡប់របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពទៅកាន់លំនៅដ្ឋានវិញ និងកាត់បន្ថយផលប៉ះពាល់លើជីវភាពរស់នៅរបស់ពួកគាត់ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ នេះគឺជាឧទាហរណ៍មួយដែលសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់និងតវ៉ាគ្រប់ពេលដោយប្រើប្រាស់គ្រប់យន្តការទាំងអស់ពោល គឺរាជរដ្ឋាភិបាលមិននៅស្ងៀមចំពោះរឿងនេះឡើយ។ ដូច្នេះ ជាថ្មីម្តងទៀត សូមបងប្អូនរក្សាភាពហ្នឹងនរ និងរក្សាឱ្យបាននូវស្មារតីសាមគ្គីឯកភាពជាតិដ៏រឹងមាំដែលកំពុងកើតមាននៅពេលនេះ ហើយសូមជឿជាក់លើរាជរដ្ឋាភិបាល លើថ្នាក់ដឹកនាំរបស់យើងក្នុងការដោះស្រាយរឿងនេះដោយសន្តិវិធី តាមរយៈយន្តការការទូត យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ។ 

ទី៣៖ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មាន៖ ខ្ញុំសូមបញ្ជាក់ជូនបងបងប្អូនយើងជ្រាបថា នៅក្នុងស្ថានភាពដែលប្រទេសយើងកំពុងជួបប្រទះចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកទល់ពេលនេះ ការផ្តល់ព័ត៌មានពិត និងផ្លូវការជូនប្រជាពលរដ្ឋគឺជារឿងសំខាន់។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលរៀបចំឱ្យមានកម្មវិធីផ្តល់ព័ត៌មាន(Press Briefing) ដែលធ្វើមួយថ្ងៃដល់ទៅបីដង ឥឡូវបន្ថយមកពីរដង គឺដើម្បីឱ្យប្រជាពលរដ្ឋយើងទទួលព័ត៌មានផ្លូវការពីរាជរដ្ឋាភិបាល។ ទន្ទឹមនឹងនោះ ការគ្រប់គ្រងព័ត៌មានជាពិសេសព័ត៌មានពីកងទ័ពជួរមុខរឹតតែមានសារសំខាន់ថែមទៀត។ ការផ្សាយព័ត៌មានពីទីតាំងឈរជើងរបស់កងទ័ព ពីលេណដ្ឋាន ពីសព្វាវុធ យុទ្ធោបករណ៍ ពីការសម្ងាត់កងទ័ព ឬព័ត៌មានដែលមានលក្ខណៈបំបាក់ទឹកចិត្តកងទ័ព មិនត្រូវបានអនុញ្ញាតជាដាច់ខាត ពីព្រោះវាជាព័ត៌មានដែលធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ។ នេះគឺជារឿងសំខាន់ណាស់ ហើយប្រទេសណាក៏ដោយ ក៏គេមិនអនុញ្ញាតឱ្យផ្សាយព័ត៌មានបែបនេះដែរ។ ក្រសួងព័ត៌មានធ្លាប់បានចេញសេចក្តីណែនាំរួចហើយកាលពីថ្ងៃទី១ សីហា ឆ្នាំ ២០២៥។

ដូច្នេះ សូមបងប្អូនយល់ឱ្យច្បាស់ចំណុចត្រង់នេះ ជាពិសេសអ្នកសារព័ត៌មានដែលត្រូវយល់ដឹងមុនគេ។ យើងអត់អាចចូលទៅរាយការណ៍ព័ត៌មាននៅកន្លែងឈរជើងរបស់កងទ័ព ថតលេណដ្ឋាន បង្ហាញសព្វបង្ហាញគ្រប់ ហើយធ្វើអត្ថាធិប្បាយតាមទំនើងចិត្តពីកងទ័ពជួរមុខបានទេ។ ការសម្ងាត់យោធានិងសន្តិសុខជាតិសំខាន់ខ្លាំងណាស់ពីព្រោះវាជាអាយុជីវិតរបស់ជាតិទាំងមូល។ មិនអាចគ្រាន់តែចង់បាន like និង view ដោយមិនបានគិតពីការសម្ងាត់កងទ័ពឬសន្តិសុខជាតិបានឡើយ។ ដូច្នេះ សូមបងប្អូនយើងយល់ឱ្យច្បាស់ចំណុចត្រង់នេះ ហើយចូលរួមអនុវត្តទាំងអស់គ្នាឱ្យបានម៉ឺងម៉ាត់បំផុត៕