៤:០០ រសៀល ថ្ងៃទី២៦ ខែសីហា ២០២៥
ថ្ងៃនេះ ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ខ្ញុំសូមកត់សម្គាល់ដោយក្តីកោតសរសើរនិងស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះកម្លាំងមហាសាមគ្គីជាតិខ្មែរដែលកើតមាននៅគ្រប់ទិសទីដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក្រោមស្មារតីសន្តិភាពនិយមដែលជាអត្តសញ្ញាណរបស់កម្ពុជា។ ទឹកចិត្តស្នេហាជាតិនិងស្មារតីសាមគ្គីគាំទ្រគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាដែលគ្មានឥទ្ធិពលអ្វីមកបំបែកបានឡើយ។
ទន្ទឹមនឹងនេះ សូមបងប្អូនរក្សាឱ្យបាននូវស្មារតីសន្តិភាពនិយមនិងអហិង្សាតាមរយៈការបង្ហាញទឹកចិត្តស្នេហាជាតិដោយប្រើបញ្ញាឱ្យបានច្រើនជាងប្រើអារម្មណ៍ដើម្បីចៀសវាងកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃការញុះញង់បំបែកបំបាក់កម្លាំងសាមគ្គីឯកភាពជាតិខ្មែរពីសំណាក់មជ្ឈដ្ឋានអមិត្តរបស់កម្ពុជា ជាពិសេសការប៉ុនប៉ងបំបែកប្រជាពលរដ្ឋពីរាជរដ្ឋាភិបាលនិងពីកងទ័ពដែលជាខឿនការពារជាតិដ៏រឹងមាំរបស់យើង។
សូមរម្លឹកជូនថា នេះគឺជាពេលវេលានៃការអនុវត្តបទឈប់បាញ់ហើយដែលរហូតមកទល់ពេលនេះ កម្ពុជាយើងគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អ ដែលចាត់ទុកជាប្រៀបខ្លាំងរបស់កម្ពុជានៅក្នុងសមរភូមិការទូតដែលយើងត្រូវតែថែរក្សាឱ្យបាន។ ដើម្បីបំផ្លាញពិន្ទុដ៏ល្អដែលកម្ពុជាទទួលបានពេលនេះ ការញុះញង់គ្រប់រូបភាពត្រូវបានធ្វើឡើងដើម្បីឱ្យភាគីកម្ពុជាអស់ការអត់ធ្មត់ហើយឈានទៅប្រព្រឹត្តអំពើណាមួយតាមបែបកំហឹងទល់កំហល់ដែលគេអាចប្រើជាលេសដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់តាមរយៈការចោទប្រកាន់ថា កម្ពុជាជាអ្នកវាយប្រហារមុន។ នេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់ដែលបងប្អូនយើងគប្បីត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត។
សូមចងចាំថា បទឈប់បាញ់នេះកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន និងក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីសំណាក់ម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន។ ការអនុវត្តបទឈប់បាញ់នេះទៀតសោតធ្វើឡើងក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីអនុព័ន្ធយោធាបរទេសក្នុងក្របខណ្ឌនៃក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT= Interim Observers Team) ក៏ដូចជាបណ្តាអង្គទូតនានាប្រចាំកម្ពុជាផងដែរ។ ក្រុមអ្នកសង្កេតការណ៍ទាំងនោះ គឺជាសាក្សីនៃការគោរពបទឈប់បាញ់យ៉ាងល្អរបស់កម្ពុជា និងក៏ជាសាក្សីដែលបានកត់ត្រាទុករាល់ការរំលោភបំពាននានាដែលភាគីថៃបានប្រព្រឹត្តនៅក្នុងកំឡុងពេលនេះ។
នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលជ្រើសរើសយកជម្រើសសន្តិភាពតាមរយៈការគោរពបទឈប់បាញ់ និងការប្រើប្រាស់យន្តការការទូតជាជាងការផ្ទុះអាវុធដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេស ច្បាប់ជាតិនិងច្បាប់អន្តរជាតិ ទៅតាមនីតិវិធីដែលគេអនុវត្តនៅទូទាំងពិភពលោក។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលនៅតែរក្សាបានសាមគ្គីភាពជាធ្លុងមួយនិងជឿជាក់លើរាជរដ្ឋាភិបាល ពិសេសលើថ្នាក់ដឹកនាំដែលមានសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាដោយភាពវៀងវៃក្នុងស្មារតីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់ ដោយមិនភ្លេចសុខសន្តិភាពដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរ៕
សូមអរគុណ
