គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ
- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ
- ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
កម្ពុជាបាននិងកំពុងចរចាកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ (Double Taxation Agreement- DTA) ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន អាស៊ានបូកបី និងបណ្តាប្រទេស ឬយុត្តាធិការមួយចំនួនទៀត ដោយផ្អែកលើលក្ខណវិនិច្ឆ័យចម្បង ដូចជាកាតព្វកិច្ចអន្តរជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេស ឬយុត្តាធិការដែលជាដៃគូវិនិយោគធំៗ និងតាមការស្នើសុំចរចារបស់បណ្តាប្រទេស ឬយុត្តាធិការទាំងនោះ។
កិច្ចព្រមព្រៀង DTA នេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលជាការប៉ះប៉ូវវិញដល់ប្រទេសជាហត្ថលេខី ដូចជា ១. ការទាក់ទាញនឹងជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ២. កំណើនមូលដ្ឋានពន្ធ ៣. រំហូរមូលធន ៤. ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេសតាមរយៈបទប្បញ្ញត្តិស្តីពីសួយសារនិងសេវាបច្ចេកទេស ៥.ការការពារនិវាសនជនកម្ពុជាដែលជាវិនិយោគិននៅបរទេស និង ៦.ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេសការទប់ស្កាត់ និងការបង្ក្រាបការគេចវេះពន្ធតាមរយៈការផ្លាស់ប្តូរព័ត៌មានរបស់អ្នកជាប់ពន្ធ។
កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ និងកម្ពុជា-ហ្វីលីពីន បានឆ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗ នៃគោលនយោបាយពន្ធដារអន្តរជាតិ និងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដាររបស់កម្ពុជា ក៏ដូចជាតាមលំនាំគំរូ អង្គការសហប្រជាជាតិ ដែលមានលក្ខណៈអំណោយផលដល់ប្រទេសកំពុងអភិវឌ្ឍ ដូចជាកម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានកិច្ចព្រមព្រៀង DTA ជាមួយប្រទេសនិងយុត្តាធិការ ចំនួន ១១ រួមមាន សិង្ហបុរី ចិន ព្រុយណេ ថៃ វៀតណាម ឥណ្ឌូណេស៊ី តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី៕
