អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

គិតមកទល់រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ គឺមានរយៈពេល ១៨ ថ្ងៃហើយ ដែលទាហានថៃបានបើកការវាយប្រហារឈ្លានពានយ៉ាងកម្រោលមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កងទ័ពឈ្លានពានថៃបានទម្លាក់គ្រាប់បែកលើទីតាំងស៊ីវិលដោយមិនរើសមុខ មិនរើសទីកន្លែង ដែលធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើននិងបន្តកើនឡើងជាលំដាប់ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ។

ជាក់ស្តែង ថ្ងៃនេះមានទាហានឈ្លានពានថៃបានបន្តប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកចង្កោម និងកាំភ្លើងធំបាញ់ផ្លោងចូលជ្រៅក្នុងទឹកដីកម្ពុជាដែលធ្វើឱ្យជនស៊ីវិលមួយចំនួនរងរបួស។ រហូតមកទល់ពេលនេះ មានជនស៊ីវិលស្លូតត្រង់ខ្មែរបានស្លាប់ចំនួន២១នាក់ និងរងរបួសកើនដល់៨៦នាក់ហើយ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ ចំណែកប្រជាពលរដ្ឋភៀសសឹកចេញពីផ្ទះសម្បែងបានកើនដល់ជាង៦០ម៉ឺននាក់។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ផ្សារ អគារអាជីវកម្មឯកជន វត្តអារាម រហូតដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិផង បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែករបស់ទាហានឈ្លានពានថៃ។

ទោះបីជាមេដឹកនាំថៃខិតខំភូតកុហក បំភ្លៃការពិត បង្វែរស្ថានការណ៍ដើម្បីបិទបាំងអំពើឈ្លានពានទឹកដីកម្ពុជា និងចង់គេចចេញពីអំពើឧក្រិដ្ឋកម្មរបស់ខ្លួនមកលើជនស៊ីវិលស្លូតត្រង់ខ្មែរយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចបិទបាំងការពិតពីភ្នែកសហគមន៍អន្តរជាតិបានឡើយ។ អ្នកប្រព្រឹត្តឧក្រិដ្ឋកម្ម មកលើប្រទេសកម្ពុជានាពេលនេះមិនអាចគេចផុតពីការទទួលខុសត្រូវបានជាដាច់ខាត។

អំពើសាហាវព្រៃផ្សៃនិងអំនួតក្អេងក្អាងរបស់មេដឹកនាំថៃមានគោលដៅវាយបំបាក់ទឹកចិត្តខ្មែរ និងបំបែកកម្លាំងសាមគ្គីរវាងប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំដោយពួកគេសង្ឃឹមថា អាចធ្វើឱ្យប្រជាពលរដ្ឋខ្មែរបាក់ស្បាត និងបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាល។ ប៉ុន្តែ ពួកគេពិតជាយល់ខុសស្រឡះ។ សម្រាប់ប្រជាជាតិខ្មែរ អំពើឈ្លានពានយ៉ាងកម្រោលបែបនេះមិនបានធ្វើឱ្យខ្មែរភ័យខ្លាចឬបាក់ទឹកចិត្តសូម្បីតែបន្តិចឡើយ។ ផ្ទុយទៅវិញ ការបំពានលើបូរណភាពទឹកដីកម្ពុជា និងការទម្លាក់គ្រាប់បែកលើជនស៊ីវិលស្លូតត្រង់ខ្មែរ បានជំរុញឱ្យប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរឹតតែកៀកស្មាគ្នាកាន់តែរឹងមាំដើម្បីការពារទឹកដី ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃនិងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃមកលើជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា និងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់ការប្រព្រឹត្តបទឧក្រិដ្ឋកម្ម បំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញារក្សាជំហរម៉ឺងម៉ាត់ ដាច់ខាតក្នុងការការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួនតាមរយៈការប្រើសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិប្រឆាំងតបតជាមួយសត្រូវឈ្លានពានទឹកដី។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកោតសរសើរប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរ និងស្ញប់ស្ញែងចំពោះវីរកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលតស៊ូយ៉ាងស្វិតស្វាញ ក្រាញននៀល ប្រឆាំងសត្រូវឈ្លានពានដើម្បីការពារបូរណភាពទឹកដី ដោយផ្តល់ទំនុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលនិងជាពិសេសលើថ្នាក់ដឹកនាំរបស់យើង។ សូមជនរួមជាតិបន្តថែរក្សានិងពង្រឹងស្មារតីសាមគ្គីភាពនេះឱ្យបានគង់វង្សជានិច្ចពីព្រោះនេះគឺជាកម្លាំងស្នូលដ៏រឹងមាំរបស់ជាតិខ្មែរដើម្បីការពារបូរណភាពទឹកដីប្រឆាំងជាមួយសត្រូវឈ្លានពាន៕