អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនឡើងវិញនូវជំហរច្បាស់លាស់ និងឥតប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព និងចង់ដោះស្រាយរាល់បញ្ហាដោយសន្តិវិធីតាមរយៈការសន្ទនាការទូតស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនបំផុត នូវកិច្ចព្រមព្រៀងដែលមានស្រាប់ ពិសេសបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ស្តីពី សន្តិភាពទីក្រុងកូឡាឡំពួរ ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលស្របទៅនឹងស្មារតីនៃច្បាប់អន្តរជាតិ។
កម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃនិងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃ មកលើជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលរហូតមកទល់ពេលនេះមានជនស៊ីវិលស្លូតត្រង់ខ្មែរស្លាប់ ៣០នាក់ រងបួស ៩០នាក់ និងមានជនភៀសសឹកជាង ៦៤ ម៉ឺននាក់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ផ្សារ អគារអាជីវកម្មឯកជន វត្តអារាម រហូតដល់រូបបដិមាព្រះវិណ្ណុនៃសាសនាហិណ្ឌូ និងប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់មនុស្សជាតិ បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែក ការបាញ់កាំភ្លើងធំ ឬការវាយកម្ទេចដោយចេតនារបស់ទាហានឈ្លានពានថៃ។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពឈ្លានពាន បំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញ និងទទួលខុសត្រូវនូវទង្វើរបស់ខ្លួនជាចាំបាច់។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមកោតសរសើរប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរ ទាំងព្រះសង្ឃ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានថ្កោលទោសនិងទាមទារឱ្យថៃបញ្ឈប់អំពើឈ្លានពានយ៉ាងព្រៃផ្សៃរបស់ខ្លួនមកលើកម្ពុជា ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិជាធរមាន និងតែងតែគាំទ្រយ៉ាងមុតមាំជំហររបស់រាជរដ្ឋាភិបាលដែលគិតគូរផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំក្នុងការសម្រេចចិត្ត។ ជំហរទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកលើកិច្ចសន្ទាការទូតនិងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏សូមកោតស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះវីរកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលតស៊ូយ៉ាងស្វិតស្វាញ ក្រាញននៀល ប្រឆាំងសត្រូវឈ្លានពានដើម្បីការពារបូរណភាពទឹកដី។ វីរភាពនេះទទួលបានការគោរពនិងផ្តល់តម្លៃយ៉ាងខ្ពស់បំផុតពីសំណាក់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ។ នេះគឺជាកម្លាំងស្នូលដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដីប្រឆាំងជាមួយសត្រូវឈ្លានពាន៕
