អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងជាមួយភាគីថៃ៖ 

បន្ទាប់ពីភាគីថៃស្នើសុំលើកពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការខណ្ឌសីមាព្រំដែនគោក JBC ជាលើកទី២ ដោយសុំពន្យាររហូតដល់ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈខាងមុខ ភាគីកម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានដាក់សំណើរសារជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដើម្បី៖

ទី១៖ ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teams) នៃភាគីទាំងពីរចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និងបង្គោលលេខ 52-59 នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

ទី២៖ ស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែងនៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា។

ការចាត់បញ្ជូនក្រុមវាស់វែងចម្រុះដើម្បីបន្តចុះធ្វើការលើដីជាក់ស្តែងនេះ គឺធ្វើឡើងស្របតាមនីតិវិធីនិងបែបបទការងារ (Technical Instruction) ដែលបានឯកភាពគ្នានិងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។ សំណើរលើកទី៣ របស់ភាគីកម្ពុជាទៅកាន់ភាគីថៃ គឺពាក់ព័ន្ធនឹងក្រុមការងារបច្ចេកទេសដែលអាចដំណើរការការងារបានធម្មតា បើទោះជាថៃស្ថិតនៅក្នុងដំណាក់កាលនៃរដ្ឋាភិបាលចាំផ្ទះក៏ដោយ ដូចដែលនាយករដ្ឋមន្ត្រីថៃធ្លាប់បានបញ្ជាក់រួចហើយកាលពីពេលកន្លងទៅ។

សូមរម្លឹកឡើងវិញថា សេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ចែងថា ភាគីទាំងពីរបានឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា គឺក្នុងស្មារតីគោរពសេចក្តីប្រកាសរួមដែលបានឯកភាពគ្នា និងចង់បានសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននេះហើយទើបបានជាភាគីកម្ពុជាបានដាក់សំណើរជាបន្តបន្ទាប់ទៅភាគីថៃ ដើម្បីអនុវត្តការវាស់វែង កំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់រហ័សជាក់លាក់ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាមានឆន្ទៈយ៉ាងមោះមុតក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយគោរពកិច្ចព្រមព្រៀងយ៉ាងស្មោះត្រង់បំផុត និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់បំផុត។

រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសេនាធិការរបស់រាជរដ្ឋាភិបាលទាំងអស់បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតឈប់ឈរដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងគូឡាឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងឯកសារ កិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅ។

សូមបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ នេះគឺជាជំហរឥតប្រែប្រួល និងមិនអាចធ្វើសម្បទានបាន៕