ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនបងប្អូនជនរួមជាតិជ្រាបអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋភៀសសឹក ទន្ទឹមគ្នានឹងការការពារបូរណភាពទឹកដីយ៉ាងសកម្មខ្លាំងក្លាតាមមធ្យោបាយការទូត៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ ដែលរងគ្រោះដោយសង្គ្រាមឈ្លានពានរបស់ថៃ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ចំនួន ៥៤០ គ្រួសារ មណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំនួន ១ ២៨២ គ្រួសារ និងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែចំនួន ៧៧៤ គ្រួសារ។ សរុបទាំងអស់ចំនួន ២ ៥៩៦ គ្រួសារ។
សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ គឺ៖
ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន៖ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួល ឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់ មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះវិញ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីរៀបចំនិងគ្រប់គ្រងការស្តារជីវភាពជនភៀសសឹក និងស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។
ទី២- ចំពោះបងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានដោយសារស្ថានភាពមិនទាន់អំណោយផល៖ ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹងជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូន ទៅកាន់ទីតាំងដែលមានភាពប្រសើរជាងបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនឱ្យអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះ រហូតដល់ពេលដែលបងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញនាពេលខាងមុខ ពីព្រោះរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។
ទី៣- ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈដែលបានរងការខូចខាត៖ មានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ចបាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង។ សម្តេចបវរធិបតីបានបញ្ជាក់ថា គោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលមាន២គឺ៖ ការពារទឹកដីនិងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ គឺជាសក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរមូលដ្ឋានតាមរយៈការប្រើប្រាស់កម្លាំងសរុបរួមគ្នា គ្រប់យន្តការ សំដៅធានាដល់ការបម្រើ និងផ្តល់ជម្រកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ហើយនឹងឈានឆ្ពោះទៅការស្តារឡើងវិញឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះ មានជនភៀសសឹកប្រមាណជា ៨៣% ឬស្មើជាង ៥៤ម៉ឺននាក់ហើយបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ក្នុងចំណោមជនភៀសសឹកជាង ៦៤ម៉ឺននាក់។ ក្រោមការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ជនភៀសសឹកបានវិលត្រឡប់ទៅផ្ទះវិញជាបណ្តើរៗជារៀងរាល់ថ្ងៃ។
ទោះជាយ៉ាងនេះក៏ដោយ នៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនកិច្ចប្រជុំថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេសទាក់ទងទៅនឹងការគោរពអធិបតេយ្យនិងបូរណភាពទឹកដី។ ជាក់ស្តែង ប្រជាពលរដ្ឋកម្ពុជាជាច្រើននៅតែមិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបាននៅឡើយ ដោយសារតែមានរបាំងរារាំង និងការគំរាមកំហែងសន្តិសុខ ឬផ្ទះសម្បែងរបស់ពួកគេត្រូវបានរុះរើឬបំផ្លាញ។ ជាលទ្ធផលពួកគេបន្តរស់នៅក្នុងមណ្ឌលភៀសសឹកបណ្តោះអាសន្ន ហើយកុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕
