បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦
…………………….

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា៖

ប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ហើយដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែយោធាថៃព័ទ្ធរបងលួសឬទូរកុងតឺន័រដើម្បីរារាំងឃាំងដំណើររបស់ពួកគេនោះ មិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈនិងស្មារតី។

ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមជាមួយតំណាងអង្គការយូនីសេហ្វ បានអញ្ជើញទៅដល់មណ្ឌលជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យនិងបានសម្តែងក្តីអាណិតអាសូរចំពោះពលរដ្ឋភៀសសឹក ហើយបានផ្តល់ការគាំទ្រនិងការលើកទឹកចិត្តយ៉ាងខ្លាំងដល់ពួកគេ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្រាប់បងប្អូនជនភៀសសឹកថា ពួកគេមិននៅឯកាទេ ពោលគឺសហភាពអឺរ៉ុបនៅជាមួយនិងជួយគាំទ្រពួកគេជានិច្ច។ នេះជាសារដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូលនិយាយជារួម។

វត្តមាននៃបណ្តាអង្គទូតនានាប្រចាំកម្ពុជា តំណាងអង្គការអន្តរជាតិ និងអ្នកសារព័ត៌មានបរទេស រួមទាំងអ្នកសង្កេតការណ៍អាស៊ាន (AOT) ផង ដែលបានទៅឃើញស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ក៏ដូចជាស្ថានភាពប្រជាពលរដ្ឋភៀសសឹកដែលត្រូវបានរារាំងមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺជាសាក្សីផ្ទាល់ភ្នែកដែលបានដឹងលឺនិងកត់ត្រាអំពីការពិតដែលកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដូច្នេះ សកម្មភាពរំលោភបំពាន ទន្ទ្រានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិពីសំណាក់កងទាហានថៃត្រូវបានសហគមន៍អន្តរជាតិដឹងលឺយ៉ាងទូលំទូលាយ។

សូមរម្លឹកជូនថា បណ្តាប្រទេសជាមិត្តទាំងនៅក្នុងតំបន់និងលើឆាកអន្តរជាតិ បានជួយជ្រោមជ្រែងកម្ពុជាតាំងពីការចាប់ផ្តើមដំបូងនៃសង្គ្រាមទន្ទ្រានឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃ កាលពីខែកក្កដា ឆ្នាំ ២០២៥ មកម៉្លះ។ ជាក់ស្តែង បទឈប់បាញ់ទាំងពីរលើក គឺនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សុទ្ធតែកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការជួយជ្រោមជ្រែងពេញទំហឹងពីបណ្តាប្រទេសជាមិត្ត ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ីក្នុងនាមប្រធានប្តូរវេនអាស៊ាន។

កិច្ចព្រមព្រៀងទាំងនេះក៏បានទទួលការសាទរពីបណ្តាប្រទេសជាមិត្តគ្រប់ទិសទី ដោយពួកគេបាននិងកំពុងបន្តជំរុញឱ្យភាគីទាំងពីរគោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិនិងចៀសវាងដាច់ខាតការប្រើកម្លាំង។ ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋភៀសសឹក និយាយដោយឡែកនិងប្រទេសកម្ពុជាទាំងមូល និយាយជារួមកំពុងស្ថិតក្នុងក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍តំបន់និងអន្តរជាតិ ពីព្រោះការទន្ទ្រានកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយកម្លាំងយោធា ត្រូវបានហាមប្រាមដោយធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ដូច្នេះ ទាំងសមាគមអាស៊ាន និងសហគមន៍អន្តរជាតិមិនអាចឈរឱបដៃមើលការរំលោភបំពានបែបនេះឡើយ។

នៅឯកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានជម្រាបជូនប្រមុខការទូតអាស៊ានរួចហើយថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេសទាក់ទងទៅនឹងការគោរពអធិបតេយ្យនិងបូរណភាពទឹកដី។ ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកជាច្រើននៅតែមិនអាចត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរបាននៅឡើយ ដោយសារតែផ្ទះសម្បែងរបស់ពួកគេមិនអាចចូលបានដោយមានរបាំងរារាំងនិងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើឬបំផ្លាញ។ កុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញបាន។

ថ្នាក់ដឹកនាំអាស៊ានក៏បានដឹងលឺអំពីបញ្ហានេះ ខណៈដែលហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ក៏បានបញ្ជាក់ពីអាទិភាពនៃការបន្តតាមដាននិងសម្របសម្រួល ដើម្បីឱ្យការអនុវត្តសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយពេញលេញនិងមានប្រសិទ្ធភាព ហើយហ្វីលីពីនក៏ទទួលយកតួនាទីជាប្រធានអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។ នេះសបញ្ជាក់ថា បណ្តាប្រទេសជាមិត្តក្នុងតំបន់ និងសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជា និងគាំទ្រជម្រើសរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

សូមអរគុណ!