បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦

…………………………

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបង្ហាញជូនជនរួមជាតិអំពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេសដើម្បីផលប្រយោជន៍ជាតិ ក៏ដូចជាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ៖

ខណៈពេលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញបេសកកម្មការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។ ចប់ពីសហរដ្ឋអាម៉េរិក សម្តេចប្រមុខរាជរដ្ឋាភិបាលបានអញ្ជើញដល់ទ្វីបអឺរ៉ុប និងកំពុងមមាញឹកក្នុងការជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃស្ថាប័នកំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងអនុប្រធានកាកបាទក្រហមអន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមានដូចជា ប្រធានាធិបតីទីម័រឡេស្តេ ជាដើម។ 

គោលបំណងនៃជំនួបទាំងនោះ គឺប្រាកដណាស់ថា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាសំខាន់ៗដែលថ្នាក់តំបន់ និងអន្តរជាតិកំពុងប្រឈមមុខ ខណៈដែលបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទក្តៅមួយដែលសហគមន៍អន្តរជាតិបាននិងកំពុងផ្តោតការចាប់អារម្មណ៍ខ្លាំង និងតាមដានយ៉ាងយកចិត្តទុកដាក់។ នៅទីក្រុងវ៉ាស៊ីនតោន សម្តេចមហាបវរធិបតី បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា និងបានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនិងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែងវិញ និងរស់នៅដោយសុវត្ថិភាព និងការមិនគំរាម ឬមិនប្រើកម្លាំង។ 

ក្រឡេកមើលមកក្នុងប្រទេសវិញ សកម្មភាពការទូតក៏បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មមមាញឹក។ ជាក់ស្តែង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជាដែលកងទ័ពថៃបានឈ្លានពានកាន់កាប់ដោយអាវុធ ហើយបន្តដាក់ពង្រាយទូកុងទីន័រ និងបន្លាលួសបិទផ្លូវរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ។ 

នេះមិនមែនជាលើកដំបូងទេ ដែលសកម្មភាពការទូតបែបនេះត្រូវបានរៀបចំឡើង ប៉ុន្តែវាគឺជាការបន្តធ្វើជាប្រចាំ យ៉ាងសកម្ម និងឥតឈប់ឈរក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពាន។ ក្រៅពីនោះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏តែងតែធ្វើបទបង្ហាញជូនប្រធាននិងតំណាងនៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិអំពីបច្ចុប្បន្នភាពនៃការវិវត្តន៍ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ចំណែកស្ថានតំណាងកម្ពុជានៅក្រៅប្រទេសក៏បានធ្វើចលនាការទូតយ៉ាងសកម្មដើម្បីឱ្យបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិបានយល់ពីការពិតនិងពីជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាដែលទាមទារចង់បានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។ 

គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលកងទ័ពថៃបានបើកការវាយប្រហារបំពានលើកម្ពុជាមក ទាំងថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ននានារហូតដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុតដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹក ខណៈដែលការតវ៉ាប្រឆាំងនឹងការរំលោភបំពានក៏ត្រូវបានធ្វើឡើងនៅគ្រប់ករណីទាំងអស់ដោយគ្មានខ្វះចន្លោះឡើយ។ 

គ្រាន់តែក្នុងអំឡុងពេលជាង៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញ្ញតិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០ លើក ហើយបាននិងកំពុងបន្តធ្វើជាបន្តបន្ទាប់ឆ្លើយតបទៅនឹងគ្រប់ករណីដែលមានការរំលោភបំពាន។ ជាក់ស្តែង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជាដោយបានចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ និងបានរឹបអូសនាវានេសាទរបស់ពួកគេផង នៅជិតកោះយ៉រ ខេត្តកោះកុង របស់កម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិថា សកម្មភាពទាំងអស់នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដែលចាត់ទុកការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតដូចអ្វីដែលសម្តេចបវរធិបតីបានបញ្ជាក់ស្រាប់។ ការងារការទូតយ៉ាងសកម្មទាំងក្នុងនិងក្រៅប្រទេសបែបនេះបានបង្ហាញឱ្យឃើញថា ឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ បាននិងកំពុងបង្ហាញសកម្មភាពជាក់ស្តែងឱ្យប្រជាពលរដ្ឋបានឃើញគ្រប់ៗគ្នា។ ហើយប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានសាទរ និងគាំទ្រសកម្មភាពទាំងនេះយ៉ាងខ្លាំង។ 

សូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕