បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦

…………………….

ដូចការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចហើយថា ការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នេះមិនមែនគ្រាន់តែជាពាក្យសម្តីទេ ប៉ុន្តែ គឺជាការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាល និងបានស្តែងចេញជាសកម្មភាពជាក់ស្តែងរហូតមក។ មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស មិនថាជំនួបពិភាក្សា ឬវេទិកាប្រជុំនានាទេ បញ្ហាព្រំដែនជាមួយថៃ គឺជាប្រធានបទដែលមិនអាចរំលងបានឡើយ។ ដៃគូសន្ទនាអន្តរជាតិទាំងឡាយសុទ្ធតែបានដឹងការពិត ឬបានឃើញផ្ទាល់ភ្នែកពីសកម្មភាពបំពានកាន់កាប់ខុសច្បាប់របស់កងកម្លាំងថៃ ហើយបាននិងកំពុងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដូចដែលកម្ពុជាចង់បាន។ 

ជាក់ស្តែង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន ១២ ប្រទេសចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងតំបន់ច្រកបឹងត្រកួន ព្រមទាំងទីតាំងគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥។ គណៈប្រតិភូអនុព័ន្ធយោធាបរទេសទាំងនោះក៏បានចុះទៅពិនិត្យផ្ទះសម្បែង និងហាងទំនិញរបស់ប្រជាពលរដ្ឋស៊ីវិល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានានៅក្នុងតំបន់នោះដែលត្រូវបានបំផ្លិចបំផ្លាញ ក៏ដូចជាទីតាំងដែលយោធាថៃបានរាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រ ដើម្បីកាន់កាប់ដោយខុសច្បាប់ក្នុងពេលអនុវត្តបទឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយដែលបានរារាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។

កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ នៅតំបន់ប្រាសាទព្រះវិហារ និងនៅភូមិសាស្រ្តតំបន់អានសេះ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រុមអ្នកសង្កេតការណ៍ AOT ក៏បានចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារទាំងបំពានរបស់យោធាថៃកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥។ ចំណែកក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានសម្របសម្រួលឱ្យអង្គទូត និងតំណាងអង្គការអន្តរជាតិ បានចុះទៅពិនិត្យស្ថានភាពពិតនៅតាមព្រំដែនជាបន្តបន្ទាប់។

វត្តមានរបស់អង្គទូត តំណាងអង្គការអន្តរជាតិ មន្ត្រីអនុព័ន្ធយោធាបរទេស និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏ដូចជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះទៅពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍ ជាបន្តបន្ទាប់ពីស្ថានភាពជាក់ស្តែងនៅតាមទីតាំងដែលថៃបានបំពាន ទន្ទ្រានកាន់កាប់ខុសច្បាប់ បង្ហាញឱ្យឃើញពីសកម្មភាពការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរដែលរងការបំពានដោយភាគីថៃ។ កម្ពុជាក៏បានបង្ហាញជំហរច្បាស់លាស់ដោយឈរលើដំណោះស្រាយសន្តិវិធី។ 

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉ារីស ប្រទេសបារាំង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីអឺរ៉ុបនិងការបរទេសបារាំង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសបារាំងដែលបានផ្តល់សិទ្ធិដល់កម្ពុជាឱ្យចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសារសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាព ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការធានាការវិលត្រលប់របស់ប្រជាពលរដ្ឋខ្លួន ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ដោយសុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តម Jean-Noël BARROT បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចជាស្រេចរបស់បារាំង ក្នុងការគាំទ្ររាល់គំនិតផ្តួចផ្តើមក្នុងគោលបំណងជំរុញដោះស្រាយជម្លោះដោយសន្តិវិធី និងដោយអនុលោមតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅលើវិស័យការទូតដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋ ជាមួយជំហរសន្តិភាពនិយម តែដាច់ខាតមិនធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរឡើយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕