ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនជនរួមជាតិជ្រាបអំពីសកម្មភាពឥតឈប់ឈររបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូណភាពទឹកដី និងប្រជាពលរដ្ឋ តាមមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ៖
ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា «ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ដោយឈរលើការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកិច្ចការងារយ៉ាងសកម្ម ដោយឥតឈប់ឈរ និងដោយប្រទាក់ក្រឡាគ្នាទាំងក្នុងនិងក្រៅប្រទេស តាមរយៈមធ្យោបាយសន្តិវិធី ដើម្បីការពារបូរណភាពទឹកដី និងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីសំណាក់កងកម្លាំងថៃ។
ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាទើបតែបានបញ្ជូនគណៈប្រតិភូមួយក្រុមទៀតដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីទៅចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ដូចជាបំពេញបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធជាច្រើនដូចជា តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិក្នុងវិស័យនានា និងបណ្តាប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ជំនួបពិភាក្សាទាំងនោះផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងចែករម្លែកព័ត៌មានពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋាន និងសិទ្ធិផ្សេងៗទៀត ដោយក្នុងនោះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានជម្រាបជូនដៃគូសន្ទនា អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់លើសិទ្ធិប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារការរារាំងដោយបន្លាលួស ទូរកុងតឺន័រ ឬការបំផ្លិចបំផ្លាញផ្ទះសម្បែង។
កាលពីចុងខែកុម្ភៈកន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីសដែរ ដោយបានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សមិនអាចរីកចម្រើនប្រកបដោយចីរភាពបានឡើយបើគ្មានសន្តិភាព ចំណែកឯការអភិវឌ្ឍក៏មិនអាចប្រព្រឹត្តទៅបានដែរបើគ្មានសន្តិសុខ។ ដូចគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងរដ្ឋនិងរដ្ឋ ការការពារសិទ្ធិមនុស្សនិងសេចក្តីថ្លៃថ្នូរ ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។
ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសិទ្ធិមនុស្សដោយសារជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ជាពិសេសវត្តមានកម្លាំងយោធាថៃកាន់កាប់ភូមិស្រុកកម្ពុជា ដែលនៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងបានបញ្ជាក់ជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការដែលបានឯកភាពគ្នា ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ច្បាប់អន្តរជាតិ។
នៅក្នុងប្រទេសឯណេះវិញ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវីរយុទ្ធជនជួរមុខនិងប្រជាពលរដ្ឋភៀសសឹក។ ប្រជាពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធសម្របសម្រួលឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ដោយខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះ ក៏ដូចជាជួយស្តារជីវភាពរបស់ពួកគេឡើងវិញ។ រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបជិត ៩៣% ហើយដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។
នៅសល់ពលរដ្ឋភៀសសឹកជាង ៤ម៉ឺន ៥ពាន់នាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយទេ។ ពួកគេទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលទាំងលើជីវភាពរស់នៅ បរិស្ថាន និងសុខុមាលភាព។ ជាក់ស្តែង ពួកគេបានទទួលជាបណ្តើរៗនូវជម្រកបណ្តោះអាសន្នដែលមានលក្ខណៈសមរម្យ ដើម្បីស្នាក់នៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមមធ្យោបាយការទូត ដើម្បីកំណត់ខណ្ឌសីម៉ាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យពួកគេវិលទៅកាន់ផ្ទះសម្បែងវិញនាពេលខាងមុខ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នា។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
