ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦
…………………….
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្មនិងឥតឈប់ឈរ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន ដែលរងការរំលោភបំពានពីកងកម្លាំងប្រដាប់អាវុធថៃ ក៏ដូចជាពង្រឹងស្មារតីសាមគ្គីជាតិឱ្យកាន់តែរឹងមាំក្នុងចំណោមប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ជាក់ស្តែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កំពុងបន្តដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី និងនូវែលសេឡង់។
នៅសិង្ហបុរី និងនូវែលសេឡង់ ក្រៅពីរឹតចំណងការទូតទ្វេភាគីជាមួយរដ្ឋាភិបាលនីមួយៗ បញ្ហាសន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់ក៏ដូចជាក្នុងពិភពលោកដែលជាកង្វល់រួម គឺជាប្រធានបទដ៏សំខាន់នៃជំនួបពិភាក្សា ក្នុងនោះ ការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្តាយព្រំដែនកម្ពុជា-ថៃ ត្រូវបានលើកយកមកពិភាក្សាយ៉ាងស៊ីជម្រៅ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណប្រទេសជាមិត្តចំពោះការគាំទ្រដល់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ដោយបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ព្រះករុណាព្រះមហាក្សត្រ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះសហគមន៍ខ្មែរនៅក្រៅប្រទេសផងដែរ។ ការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់និងក្តីកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋខ្មែរ ពោលគឺ ទាំងអង្គព្រះមហាក្សត្រ ទាំងថ្នាក់ដឹកនាំ មិនដែលបោះបង់បងប្អូនជនរួមជាតិណាម្នាក់ឡើយ ទោះបីជាបងប្អូនរស់នៅទីណាក៏ដោយក្រោមស្មារតីថា ប្រជាជនកម្ពុជាគ្រប់រូប គឺជាផ្នែកមួយនៃមហាគ្រួសារខ្មែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនពួកគេអំពីអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ រួមមាន មធ្យោបាយការទូត នយោបាយ សាធារណមតិ និងផ្លូវច្បាប់ ដែលជាមធ្យោបាយសន្តិវិធី ស្របតាមអនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយមិនភ្លេចការត្រៀមខ្លួនផ្នែកយោធាដើម្បីប្រើសិទ្ធិការពារខ្លួន។ ប្រមុខការទូតកម្ពុជាក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលបានលើកទឹកចិត្តនិងគាំទ្រយ៉ាងមុតមាំចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់យើង។
នៅឯក្នុងប្រទេសវិញ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងតាមដានរាល់សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ និងបានតវ៉ាភ្លាមៗចំពោះរាល់សកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ការតវ៉ាជាផ្លូវការត្រូវបានធ្វើម្តងទៀតទៅកាន់ភាគីថៃដោយប្រឆាំងជំទាស់យ៉ាងដាច់ខាតចំពោះសកម្មភាពសាងសង់សំណង់នានាដែលមានលក្ខណៈជាការពង្រឹងទីតាំងយោធានិងស៊ីវិល នៅក្នុងទីតាំងដែលខ្លួនបានដណ្តើមកាន់កាប់ដោយខុសច្បាប់តាមរយៈការប្រើកម្លាំងយោធា ហើយទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់ខាងលើ និងងាកមកគោរពឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀត។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិជា្របថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការការពារបូរណភាពទឹកដី និងចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ នៅក្នុងប្រទេស បងប្អូនជនភៀសសឹក គឺជាអាទិភាពដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាគ្រប់បែបយ៉ាងដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅរបស់ពួកគេ ទាំងបងប្អូនជនភៀសសឹកដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ទាំងអ្នកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ។
នៅក្រៅប្រទេស ប្រជាពលរដ្ឋនិងនិស្សិតខ្មែរនៅក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ា ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខសុវត្ថិភាពរបស់ពួកគេ ខណៈដែលជនជាតិខ្មែរនៅក្នុងបណ្តាប្រទេសផ្សេងទៀតក៏មិនត្រូវបានបំភ្លេចនោះឡើយ។ ទាំងអស់នេះសបញ្ជាក់ពីការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការបញ្ចេញសកម្មភាពជាក់ស្តែង តាមគ្រប់រូបភាព ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាជន ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀត។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
សូមអរគុណ