បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦
…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មានសំខាន់ៗ៣ជំរាបបងប្អូនជនរួមជាតិជ្រាប៖

ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរជានិច្ចក្នុងការជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិនាពេលនេះ រាជរដ្ឋាភិបាលបានសម្រេចវិធានការចាំបាច់មួយចំនួនដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។ វិធានការទាំងនោះរួមមាន៖

ទី១.រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លារក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ។

ទី២.រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ ១ សេនដុល្លារបន្ថែមទៀតក្នុង១លីត្រ នៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី ៩០ដុល្លារក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី ១០០ដុល្លារក្នុង១បារ៉ែល។

ទី៣.រាជរដ្ឋាភិបាលបញ្ចុះពន្ធគយដល់ ០ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង

ទី៤.ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ធន:បន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ បានសម្រេចវិធានការបន្ថែមទៀតគឺ៖ បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី ១០% មកត្រឹម ៤% តែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ។

ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បន្តតាមដានលើការវិវត្តន៍នៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ ដើម្បីពិនិត្យលទ្ធភាព ដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់។

ទី២៖ យោងតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃសុក្រទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយលើសោហ៊ុយធ្វើដំណើរជាលក្ខណៈបណ្តោះអាសន្នដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងអំឡុងពេលនៃវិបត្តិប្រេងឥន្ធនៈជាសកល។ ជាលទ្ធផល អង្គប្រជុំបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាម៉េរិកក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅដែលសហគ្រាស ក្រុមហ៊ុន និងរោងចក្រកំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ។

តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានានូវការចែកចាយនឹងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងបានកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈដើម្បីកាត់បន្ថយតម្លៃលក់រាយប្រេងឥន្ធនៈ ក៏ដូចជាកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតក្នុងអំឡុងពេលនៃវិបត្តិប្រេងឥន្ធនៈជាសកល និងក៏សូមថ្លែងអំណរគុណដល់ភាគីនិយោជកដែលបានឆ្លើយតបជាវិជ្ជមាននិងជាលក្ខណៈពិសេស និងចូលរួមបន្ថែមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយរបស់កម្មករ និយោជិតក្នុងកាលៈទេសៈដ៏លំបាកនេះ។

តំណាងភាគីកម្មករនិយោជិតក៏សូមអំពាវនាវឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬរថយន្តក្រុងដែលផ្តល់ដោយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយចំណាយថ្លៃធ្វើដំណើរទៅធ្វើការ ឬសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងជាពិសេសក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ទី៣៖ នៅចុងសប្តាហ៍នេះ កម្ពុជាបានតវ៉ាជាផ្លូវការបន្ថែមទៀតប្រឆាំងនឹងការបន្តធ្វើសកម្មភាពរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងដូចខាងក្រោម៖

-នៅតំបន់បឹងត្រកួន៖ មានផ្សែងហុយចេញពីទីតាំងចំនួនបីដែលសន្មត់ថា ជាផ្ទះកំពុងឆេះនៅក្នុងតំបន់លំនៅដ្ឋានរបស់កម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់នៃកងកម្លាំងប្រដាប់អាវុធថៃ។

-នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី ក៏ដូចជាការសាងសង់ផ្លូវ និងសំណង់បេតុងផ្សេងៗ ដែលលាតសន្ធឹងពីតំបន់ប្រាសាទខ្នារ ឆ្ពោះទៅតំបន់ប្រាសាទតាក្របី ក្នុងទឹកដីកម្ពុជា។

-តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើ និងមន្ត្រីសុរិយោដី បានធ្វើសកម្មភាពវាស់វែងដីធ្លី និងបែងចែកដីចំនួន៣កន្លែងដល់ប្រជាពលរដ្ឋថៃ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧។
រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាមការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។ សកម្មភាពខាងលើមិនប៉ះពាល់ដល់សិទ្ធិ និងជំហរស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាលើការកំណត់ព្រំដែនអន្តរជាតិរបស់កម្ពុជានោះទេ។

រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់ប្រទេសថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពក្នុងតំបន់ ដូចបានរៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមកាលៈទេសៈស្រដៀងគ្នានេះ ដោយសូមជៀសវាងធ្វើសកម្មភាពឯកតោភាគីបន្ថែមទៀត និងធានាការអនុវត្តរាល់កិច្ចព្រមព្រៀងពាក់ព័ន្ធរវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងដោយសុច្ឆន្ទៈ សំដៅបន្ធូរស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។ ទន្ទឹមនេះ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ៕

សូមអរគុណ!