បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

…………………….

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូននូវព័ត៌មានស្តីពីថ្នាក់ដឹកនាំកម្ពុជាថ្លែងប្រាប់សន្និសីទប្រធានសភានៃអន្តរសភាអំពីសង្គ្រាមបំពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២(ISC-2) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានថ្លែងថា ការអនុវត្តច្បាប់នៅក្រៅដែនអធិបតេយ្យចំពោះបទល្មើសឆ្លងដែនដូចជាការឆបោកតាមអនឡាញដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់នៃសង្គ្រាមក្នុងយុគសម័យទំនើប ឬហៅថាសង្គ្រាមលាបពណ៌ដើម្បីបំបាក់កេរ្តិ៍ឈ្មោះ ហើយកម្ពុជាបានទទួលរងទម្រង់នៃសង្គ្រាមនេះ។ ជាក់ស្តែង ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាមួយចំនួនក្រោមលេសថា ទឹកដីកម្ពុជាខ្លះគឺជាផ្នែកនៃល្បែងឆបោកតាមអនឡាញ។

ថ្លែងក្នុងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសន្និសីទនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ បន្ទាប់ពីទទួលបានសន្តិភាពពេញលេញដោយគ្មានការរំខានរយៈពេល២៦ឆ្នាំ ដែលជាវដ្តនៃសន្តិភាពដ៏យូរអង្វែងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ របស់ប្រជាជាតិខ្មែរ សង្គ្រាមបានវិលត្រឡប់មកវិញ តាមបណ្តោយព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិជាមួយប្រទេសថៃ និងបានគំរាមកំហែងដល់អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ អាយុជីវិតនិងជីវភាពរស់នៅត្រូវបានបាត់បង់ ក្រុមគ្រួសារជាច្រើនត្រូវបានផ្លាស់ទីលំនៅ ហើយការអភិវឌ្ឍនៅមូលដ្ឋានបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

សម្តេចធិបតីបន្តថា បទឈប់បាញ់ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែ ស្ថានភាពនៅលើដីជាក់ស្ដែងនៅតែមានភាពផុយស្រួយ ដោយហេតុថា កងកម្លាំងយោធារាប់ពាន់នាក់កំពុងបន្តប្រឈមមុខដាក់គ្នានៅតាមបណ្ដោយព្រំដែន និងវិធានការបន្ថយភាពតានតឹងនៅមិនទាន់មាននៅឡើយ។ បញ្ហាជាសារវ័ន្តនោះគឺ អធិបតេយ្យភាព និងបូរណភាពទឹកដីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់នៅមិនទាន់ដោះស្រាយបាននៅឡើយ បើទោះបីជាភាគីទាំងពីរបានឯកភាពគ្នាក្រោមកិច្ចព្រមព្រៀងក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។ កិច្ចព្រមព្រៀងនេះមានចែងពីការអនុញ្ញាតឱ្យគណៈកម្មការខណ្ឌសីមាព្រំដែនគោក(JBC)ចាប់ផ្ដើមការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនឲ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរ សំដៅទប់ស្កាត់វិវាទនាពេលអនាគត និងជាការបើកផ្លូវឲ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក៏ប៉ុន្តែ គណៈកម្មការនេះនៅមិនទាន់មកអនុវត្តការងារទាំងនេះបាននៅឡើយទេ។

ប្រជាពលរដ្ឋខ្មែរភៀសសឹកប្រមាណជា ២ម៉ឺននាក់ នៅមិនទាន់អាចត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញបានឡើយ។ លើសពីនេះ កងទ័ពថៃនៅតែបន្តកាន់កាប់ទីតាំងជាច្រើនចូលមកក្នុងទឹកដីកម្ពុជា ហើយទាំងហួសពីខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារជាឯកតោភាគីថែមទៀត។ សកម្មភាពរបស់យោធាថៃដែលព្យាយាមបង្កើតនៅអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (fait accompli) ក្នុងតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ដូចជាការរាយបន្លាលួស ការដាក់ទូកុងតឺន័រ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធា ព្រមទាំងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលកិច្ចការខណ្ឌសីមានិងបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ គឺជាក្តីព្រួយបារម្ភមួយយ៉ាងក្រៃលែង។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ទោះបីជាប្រឈមនឹងបញ្ហាទាំងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់ជានិច្ចនូវជំហរដោះស្រាយវិវាទដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ សេចក្តីសម្រេចរបស់កម្ពុជាក្នុងការផ្តួចផ្ដើមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយព្រំដែនសមុទ្រជាមួយប្រទេសថៃ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយមួយប្រកបដោយយុត្តិធម៌ និងយូរអង្វែងដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងរឹងមាំ។ ដំណោះស្រាយដោយសន្តិវិធី គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរដែលនឹងរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែក៏ជាការព្រួយបារម្ភសកលជុំវិញការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍មិនរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ាន។ ក្នុងស្មារតីនេះ កម្ពុជាសូមកោតសរសើរ និងថ្លែងអំណរគុណស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំចំពោះការយកចិត្តទុកដាក់ និងការគាំទ្របន្តទៀតពីសំណាក់សហគមន៍អន្តរជាតិ។

ទាំងនេះ គឺជាប្រសាសន៍របស់ថ្នាក់ដឹកនាំកម្ពុជាថ្លែងក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕