ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦
………………………
អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជំរាបជូនជនរួមជាតិជ្រាបអំពីការប្រែក្លាយវិធានការ និងការសន្យារបស់រាជរដ្ឋាភិបាលឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រោមម្លប់សុខសន្តិភាព៖
ទី១. ក្នុងសុន្ទរកថាបើក «មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន» នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការសន្ទនាក្រោមស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ»។ សម្តេចក៏អំពាវនាវឱ្យសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានបន្តថែរក្សា និងលើកកម្ពស់តម្លៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។
កាលពីថ្ងៃទី៤ ខែតុលា សម្តេចធិបតី ក៏បានបញ្ជាក់តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនថា «កិច្ចការរបស់យើងមិនទាន់ចប់ទេក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ប៉ុន្តែ សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះអាចបញ្ជាក់ឲ្យប្រជាពលរដ្ឋបានឃើញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចភារកិច្ចតាមផែនការដែលបានដាក់ចេញដោយភាពច្បាស់លាស់និងការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិ ទឹកដី និងប្រជាជន»។
ជាក់ស្តែង «ក្នុងរយៈពេលត្រឹមតែប្រមាណជា ៨ ខែប៉ុណ្ណោះ យើងបានរួមគ្នាប្រែក្លាយវិធានការដែលដាក់ចេញឱ្យទៅជាសមិទ្ធផលជាក់ស្តែងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម»។ ៨ខែរាប់ចាប់តាំងពីថ្ងៃដែលសម្តេចបានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដែលពេលនោះសម្តេចបានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ថា វិធានការដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញ គឺក្នុងគោលដៅសង្គ្រោះជីវិតប្រជាពលរដ្ឋ ការស្វែងរកសន្តិភាពយូរអង្វែងដើម្បីកុំឱ្យសង្គ្រាមកើតមានឡើងវិញ និងការស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មានទំនុកទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ពាក់ព័ន្ធជាមួយព្រំដែនកម្ពុជា-ថៃ ដោយការទទួលខុសត្រូវខ្ពស់។
ទី២. ទន្ទឹមនឹងការដោះស្រាយបញ្ហាជនភៀសសឹកនិងបញ្ហាព្រំដែនជាមួយប្រទេសថៃ យ៉ាងសកម្មមមាញឹក រាជរដ្ឋាភិបាលក៏នៅតែបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍ប្រទេស ស្របតាមផែនការដែលបានដាក់ចេញដោយមិនបង្អែរបង្អង់ឡើយ ហើយសមិទ្ធផលដែលជាផលប្រយោជន៍ប្រជាពលរដ្ឋក៏បានលេចចេញជារូបរាងជាបន្តបន្ទាប់ឥតដាច់។ ជាក់ស្តែង ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបជិត ២០០ គ.ម ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ដែលលាតសន្ធឹងចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ខេត្តកោះកុង គឺជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការតភ្ជាប់រវាងតំបន់ភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
«ផ្លូវជាតិនេះ ក្រៅពីបានជួយកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរ និងថ្លៃដឹកជញ្ជូន វាក៏បានបើកឱកាសបន្ថែមដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍» នេះគឺជាការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នាពេលនេះ ជាជោគជ័យថ្មីមួយទៀតនៃយុទ្ធនាការពង្រីកប្រព័ន្ធដឹកជញ្ជូន និងពង្រឹងប្រព័ន្ធឡូជីស្ទីករបស់រាជរដ្ឋាភិបាលឱ្យកាន់តែពេញលេញ និងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «ផ្លូវជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍនៅតាមសហគមន៍» ដែលជាការរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានសម្តែងការគាំទ្រដល់គម្រោងបំពាក់អំពូលសូឡាតាមដងផ្លូវ ដែលជាជំហានទី១ នឹងអនុវត្តលើដងផ្លូវ ១ ២០០ គីឡូម៉ែត្រ ក្នុងខេត្តចំនួន១៣ និងត្រូវ ពង្រីកទៅ ២៥ រាជធានី-ខេត្ត ដើម្បីសោភ័ណភាព និងសុវត្ថិភាពតាមដងផ្លូវ។ សម្ដេចធិបតីក៏បានផ្ដល់គោលការណ៍ដោះស្រាយសមរម្យជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតំបន់ផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ដោយរក្សាទីតាំងផ្លូវនេះជាសម្បត្តិសាធារណៈជាដាច់ខាត សម្រាប់អភិវឌ្ឍអេកូទេសចរណ៍សហគមន៍។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា ក្រោមម្លប់សុខសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាលំនឹងម៉ាក្រូសេដ្ឋកិច្ច ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសយ៉ាងលឿនរហ័ស ជាពិសេសគឺវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវ និងស្ពាន។ កម្ពុជាបានប្រែមុខមាត់ពីប្រទេសមួយដែលខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ និងខ្សត់ខ្សោយបំផុតខាងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីក មកជាប្រទេសដែលមានប្រព័ន្ធគមនាគមន៍ខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នាពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត និងពីខេត្តមួយទៅខេត្តមួយទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានលឿនរហ័ស ប្រកបដោយសន្តិសុខយ៉ាងពេញលេញតាមរយៈផ្លូវកៅស៊ូ ផ្លូវបេតុង ស្ពានឆ្លងទន្លេព្រោងព្រាតរហូតដល់ផ្លូវហាយវ៉េនិងផ្លូវល្បឿនលឿនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
សមិទ្ធផលទាំងអស់នេះកើតឡើងក្រោមស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងបានផ្តល់ផលប្រយោជន៍ធំធេងដល់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ តាមរយៈការកាត់បន្ថយរយៈពេលធ្វើដំណើរ កាត់បន្ថយការចំណាយទៅលើថ្លៃប្រេងឥន្ធនៈ កាត់បន្ថយថ្លៃដឹកជញ្ជូន និងការផ្តល់ផាសុកភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរ ទាំងយប់ទាំងថ្ងៃដោយគ្មានការព្រួយបារម្ភ៕
សូមអរគុណ!