ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦
…………………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបអំពីគុណតម្លៃសន្តិភាព និងគុណបំណាច់របស់អតីតយុទ្ធជននិងនិវត្តជនដែលជាស្នូលនៃទស្សនវិជ្ជាដឹកនាំតជំនាន់ របស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា៖
«ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជននិងនិវត្តជន គឺជាកាតព្វកិច្ចសីលធម៌ និងជាកតញ្ញូតាធម៌ជាតិ ដែលអ្នកជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជននិងរៀមច្បងជំនាន់មុនគ្រប់រូប» នេះគឺជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាថ្លែងក្នុងពិធីបើក«មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC)» លើកទី២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ការផ្តល់តម្លៃលើកតញ្ញូតាធម៌ចំពោះឪពុកម្តាយ ជីដូនជីតា និងបុព្វបុរស គឺជាសីលធម៌ និងគុណតម្លៃដែលចាក់ឫសជ្រៅក្នុងផ្នត់គំនិតអាស៊ី រួមទាំងកម្ពុជាដែរ។ ក្នុងន័យនេះ សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន(VECONAC) មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត សុខុមាលភាព និងការគាំពារសង្គមជូនអតីតយុទ្ធជន និងជនពិការដោយសារសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការតំបន់ដ៏មានឥទ្ធិពលមួយក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្ដេចធិបតីបានគូសរំលេចទៀតថា មិនថាកម្ពុជា ឥណ្ឌូចិន ឬតំបន់អាស៊ានទាំងមូលទេ យើងចាត់ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្តិសាស្ត្រ ការពារឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី និងសិទ្ធិស្វ័យសម្រេចលើការជ្រើសរើសមាគ៌ាអភិវឌ្ឍដែលសមស្របតាមបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌របស់សង្គមជាតិនីមួយៗ។ សម្រាប់កម្ពុជា សន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញដែលយើងទទួលបាននាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ពិភពលោកទាំងមូលបានស្គាល់កម្ពុជាយ៉ាងច្បាស់តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សម្ដេចធិបតីបន្តថា អតីតយុទ្ធជន និងនិវត្តជន គឺជា«ប្រតិបត្តិករផ្ទាល់» ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ តាមរយៈការបើកបេះដូងទទួលយកការបង្រួបបង្រួមជាតិនិងស្មារតីឈ្នះ-ឈ្នះ ដោយគ្មានអ្នកចាញ់ និងដោយមិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ឡើយ។ ការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» គឺជាការជំរុញស្មារតីជាតិ ឱ្យស្រលាញ់ ឱ្យយល់ដឹង និងឱ្យចូលរួមការពារសន្តិភាព។ ពាក្យនេះក៏មានរួមបញ្ចូលនូវអត្ថន័យសម្តែងការដឹងគុណ និងកតញ្ញូតាធម៌ចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងឡាយ ដែលបានចូលរួមក្នុងស្នាដៃដ៏មហស្ចារ្យនៅក្នុងការកសាងសន្តិភាពដ៏រឹងមាំមួយសម្រាប់កម្ពុជា ដែលគេធ្លាប់តែស្គាល់ថា ជាប្រទេសដែលទទួលរងនូវសោកនាដកម្មដ៏សង្វេគ ពីកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ។
សម្ដេចធិបតីបានគូសបញ្ជាក់ថា ទោះបីស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលកាន់តែមានភាពស្មុគស្មាញ ជាមួយនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហាសន្តិសុខមិនមែនប្រពៃណី កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់អន្តរជាតិ ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ដោយយកស្មារតីនៃ«នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំក្នុងការកសាងសន្តិភាព។
ក្នុងន័យនេះ សម្ដេចធិបតី បានចែករំលែកនូវទស្សនៈនិងផ្តល់អនុសាសន៍គន្លឹះមួយចំនួន ជូនមហាសន្និបាតនិងសមាជិក VECONAC ទាំងអស់ដើម្បីជាមូលដ្ឋានក្នុងការពិចារណា និងរួមគ្នាជំរុញការអនុវត្តទៅមុខ រួមមាន៖ ត្រូវបន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃនៃសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់, ត្រូវពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន, ត្រូវកំណត់ការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់អតីតយុទ្ធជនជាស្នូលនៃកិច្ចសហប្រតិបត្តិការ, ត្រូវលើកកម្ពស់តួនាទីអតីតយុទ្ធជន ជាអ្នកអប់រំសន្តិភាព និងជាស្ពានតភ្ជាប់ពីអតីតកាលទៅបច្ចុប្បន្ន និងអនាគត។ បទពិសោធរបស់អតីតយុទ្ធជន គឺជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ សម្តេចគូសបញ្ជាក់ទៀតថា VECONAC គួរតែមានភាពសកម្ម ភាពធន់ និងឆ្លើយតបជាងមុន ទៅនឹងបរិបទថ្មីរបស់តំបន់ ហើយ«ស្មារតីគ្រួសារ VECONAC» គួរត្រូវបានថែរក្សា និងលើកកម្ពស់ឱ្យក្លាយជាកម្លាំងបង្រួបបង្រួមនៅក្នុងសហគមន៍អាស៊ាន។
«គ្មាននរណាម្នាក់យល់ច្បាស់អំពីតម្លៃនៃសន្តិភាព ជាងអតីតយុទ្ធជននោះឡើយ» នេះគឺជាការកត់សម្គាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងអត្ថន័យផ្តល់តម្លៃយ៉ាងខ្ពស់ដល់អតីតយុទ្ធជន។
សម្រាប់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា អតីតយុទ្ធជន គឺជាសកម្មជនដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សន្តិភាព យើងត្រូវរួមគ្នាធ្វើឱ្យគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន ត្រូវបានចងចាំដោយការដឹងគុណ ធ្វើឱ្យបទពិសោធ និងមេរៀននៃសង្គ្រាម ក្លាយជាមេរៀនសម្រាប់សន្តិភាព និងធ្វើឱ្យសាមគ្គីភាពរបស់អតីតយុទ្ធជន ក្លាយជាកម្លាំងរួមមួយដែលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ដែលមានសន្តិភាព ស្ថិរភាព មិត្តភាព សុខុមាលភាព និងវិបុលភាពយូរអង្វែង សម្រាប់ប្រជាជនយើង និងមនុស្សជំនាន់ក្រោយ៕
សូមអរគុណ!