ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ

សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅក្នុងទីងងឹតដើម្បីផលិតព័ត៌មានក្លែងក្លាយ បំផ្លើស និងបំភ្លៃគ្រប់ទម្រង់ ក្នុងគោលបំណងញុះញង់ដើម្បីបង្កឱ្យមានចលាចលក្នុងសង្គម ដោយមិនស្គាល់កាលៈទេសៈ និងមិនគិតពីផលប្រយោជន៍ជាតិឡើយ ជាពិសេសព័ត៌មានរបស់ពួកគេគឺបម្រើឱ្យ ប្រទេសដែលឈ្លានពានទឹកដីយើង»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

ប៉ុន្តែ អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តថា ព័ត៌មានពិតគឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹត ដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះ។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេ សូម្បីអ្នកធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមពីមុន ក៏បានងាកមកគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់ ពីព្រោះពួកគេយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងប្រជាជនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយបន្តកសាងសមិទ្ធផលរាប់មិនអស់ដើម្បីបម្រើប្រជាពលរដ្ឋ»។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោ បាយ និងជំរុញការអភិវឌ្ឍដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងទិសដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ គោលនយោបាយនេះគឺដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូប និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ផ្ទុយទៅវិញ ក្រុមជ្រុលនិយមមួយចំនួនដែលមិនបានកសាងសមិទ្ធផលអ្វីសោះ ប៉ុន្តែ បែរជាអង្គុយផលិតព័ត៌មានក្លែងក្លាយ បំផ្លើស បំភ្លៃ មួលបង្កាច់ និងបំបែកបំបាក់ខ្មែរ ដើម្បីរារាំងដំណើរការអភិវឌ្ឍជាតិទៅវិញ។ ដូច្នេះ ពួកយើង ដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មានតួនាទី«នាំការពិតដើម្បីការពារ» ពោលគឺការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ និងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។

«សមិទ្ធផលដ៏ធំធេង រកអ្វីប្រៀបពុំបានដែលយើងមានសព្វថ្ងៃ កើតឡើងពីការលះបង់ និងបញ្ញាញាណរបស់ថ្នាក់ដឹកនាំរបស់យើង ហើយដែលបាននិងកំពុងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ដូច្នេះ តួនាទីរបស់យើង គឺការពារសមិទ្ធផលទាំងនោះឱ្យបានជាដាច់ខាតដោយមិនអនុញ្ញាតឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃការពិតតាមទំនើងចិត្តបានឡើយ»។នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា មុននឹងបន្តថា ដើម្បីបំពេញតួនាទីនេះ យើងត្រូវបញ្ជ្រាបព័ត៌មានពិតឱ្យប្រជាពលរដ្ឋបានដឹងជាប្រចាំក្នុងស្មារតីបុរេសកម្ម តាមរយៈមធ្យោបាយដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីកសាងទំនុកចិត្តពិតប្រាកដរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល និងធានាថា សំឡេងនៃការពិតអាចឈរបានយ៉ាងរឹងមាំក្នុងការបន្សាបព័ត៌មានមិនពិត និងការបំភាន់គ្រប់ទម្រង់។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តម សូ ឃុនវីរក្ស អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាមន្ត្រីនៃអង្គភាពចំណុះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងនានា សរុបជាង ២០០នាក់៕