ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦
…………………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនឡើងវិញអំពីការបង្កហេតុមុនក្នុងចេតនាឈ្លានពានទឹកដីកម្ពុជារបស់ភាគីថៃ និងជំហរម៉ឺងម៉ាត់ ដាច់ខាត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖
«កម្ពុជាមិនដែលចង់មានសង្គ្រាមទេ ប៉ុន្តែ កម្ពុជាត្រូវតែការពារសិទ្ធិសេរីភាព កិត្តិយស និងអធិបតេយ្យភាពជាតិរបស់ខ្លួន។ កម្ពុជាមិនបានចុះហត្ថលេខាប្រគល់ដីឱ្យប្រទេសណាឡើយ កម្ពុជានៅតែបន្តទាមទារទឹកដីមកវិញឱ្យទាល់តែបាន ដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិ»។ នេះជាការគូសបញ្ជាក់យ៉ាង ច្បាស់ៗជាថ្មីម្តងទៀតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ និងទី៨ ខែតុលា ឆ្នាំ២០២៦។ សម្តេចបានរម្លឹកព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលទាហានថៃបានចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅលើដីកម្ពុជា ដែលជាការបង្កហេតុមុនរបស់ភាគីថៃយ៉ាងច្បាស់ក្រឡែត។
សម្ដេចក៏បានគូសបញ្ជាក់ឡើងវិញថា សេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានចែងច្បាស់អំពីលក្ខខណ្ឌនៃបទឈប់បាញ់ ការរក្សាការឈរជើង និងការវាស់វែងកំណត់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរដោយផ្អែកលើអនុសញ្ញានិងសន្ធិសញ្ញាដែលជាមរតកនៃអាណានិគមបារាំង ពោលគឺមិនមែនជាបទឈប់បាញ់ដើម្បីកាត់ដីឱ្យដីបរទេស ដូចការចោទប្រកាន់មួលបង្កាច់ពីមជ្ឈដ្ឋាន ជ្រុលនិយមមួយចំនួននោះឡើយ។ ដើម្បី បញ្ជាក់ពីរឿងនេះឱ្យកាន់តែច្បាស់ និងចៀសវាងការបំភ្លៃម្តងហើយម្តងទៀត ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួនពីក្រៅប្រទេស អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនជនរួមជាតិឡើងវិញនូវចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម៖
«ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»។
ដោយផ្អែកលើស្មារតីនៃសេចក្តីប្រកាសរួមនេះ កម្ពុជាបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ និងគ្រប់ពេលវេលាក្នុងការការពារខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ គោរពគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង។ កម្ពុជាក៏តែងតែធ្វើកំណត់ទូតតវ៉ាជាផ្លូវការនូវរាល់សកម្មភាពខុសច្បាប់របស់កងកម្លាំងថៃនៅលើទឹកដីកម្ពុជា ដែលពួកគេដណ្តើមកាន់កាប់ដោយប្រើកម្លាំង និងដែលផ្ទុយទាំងស្រុងពីគោលការណ៍ច្បាប់អន្តរជាតិ។ កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី។
ទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ថា ថៃគឺជាអ្នកបាញ់មុន ថៃគឺជាអ្នកប្រើកម្លាំងដណ្តើមកាន់កាប់ទឹកដីកម្ពុជាមួយចំនួននៅតាមព្រំដែនដោយបំពានច្បាប់អន្តរជាតិ ថៃគឺជាអ្នកបង្កឱ្យពលរដ្ឋខ្មែរស្លូត្រង់ ប្រមាណ៧០ម៉ឺននាក់ចាកចេញពីផ្ទះសម្បែង ដែលរហូតមកទល់បច្ចុប្បន្ន នៅសល់ជនភៀសសឹកជាង២ម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយដោយសារការរារាំងដោយទូកុងតឺន័រ បន្លាលួស និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេដោយកងកម្លាំងថៃ។ ចំណែករាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាអ្នករងគ្រោះ បាននិងកំពុងខិតខំការពារអធិបតេយ្យភាព បូរណភាពទឹកដីនិងប្រជាជនរបស់ខ្លួនយ៉ាងប្តូរផ្តាច់ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដោយចាត់ទុកបញ្ហានេះជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។
ចំពោះពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាល បានចេញវិធានការសង្គ្រោះនិងផ្តល់ជំនួយយ៉ាងទូលំទូលាយដោយបែងចែកជាពីរក្រុម សម្រាប់ប្រជាពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅកាន់ផ្ទះវិញបាន រាជរដ្ឋាភិបាលបានជួយផ្ដល់ថវិកាសម្រាប់ជួសជុលផ្ទះឡើងវិញទៅតាមកម្រិតនៃការខូចខាត ព្រមទាំងបោសសម្អាតគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យបានស្អាតដើម្បីធានាសុវត្ថិភាពជូនពួកគេ។ ចំណែកប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយ រាជរដ្ឋាភិបាលបានរៀបចំផ្ទះបណ្ដោះអាសន្នចំនួនប្រមាណ៥ពាន់ខ្នង ដោយបានតភ្ជាប់បណ្ដាញអគ្គិសនី ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ព្រមទាំងបានផ្តល់ថវិកាឧបត្ថម្ភសម្រាប់គ្រួសារនីមួយៗថែមទៀត។
ទាំងនេះគឺជាហេតុការណ៍ពិតនិងសកម្មភាពជាក់ស្តែង ដែលបាននិងកំពុងកើតឡើងនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា តំណាងអង្គការអន្តរជាតិ អ្នកសារព័ត៌មានជាតិនិងបរទេស អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា ក៏ដូចជាអ្នកសង្កេតការណ៍អាស៊ាន… បានឃើញផ្ទាល់ភ្នែក ដែលគ្មានអ្នកណាអាចបំភ្លៃបានឡើយ៕