ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនបច្ចុប្បន្នភាពនៃដំណើរការដោះស្រាយព្រំដែនសមុទ្រជាមួយប្រទេសថៃ និងព័ត៌មានសំខាន់ផ្សេងទៀត ដូចតទៅ៖
ទី១. តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានប្រកាសឱ្យដឹងថា គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) បានបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជានិងថៃ នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ វិធានការកសាងទំនុកចិត្តទាំងនេះមានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។ សំណុំវិធានការពេញលេញដែលឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីទាំងពីរចំពោះការសន្ទនានិងនីតិរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា ត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធ នៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។
ក្នុងចំណោមវិធានការដែលបានព្រមព្រៀងគ្នានេះ គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា ការឯកភាព និងវិធានការដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងពីមុន នៅមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។ គណៈកម្មការផ្សះផ្សាលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្ត ដែលនឹងជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនាក្នុងដំណើរការផ្សះផ្សានេះ។ ក្នុងបរិបទនេះ គណៈកម្មការផ្សះផ្សាលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំ នៅរាជធានីរបស់ភាគីម្ខាងទៀត។ គណៈកម្មការក៏លើកទឹកចិត្តឱ្យភាគីទាំងពីរចូលរួមដោយការស្ថាបនា និងដោយបើកចំហលើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែននៅក្នុងក្រុមការងារមួយ ក្រោមការដឹកនាំរបស់គណៈកម្មការផ្សះផ្សា។ ដោយផ្អែកលើអនុសាសន៍របស់គណៈកម្មការផ្សះផ្សា ភាគីទាំងពីរព្រមព្រៀងអនុវត្តសកម្មភាព ឬវិធានការដែលអាចជួយកសាងការជឿទុកចិត្ត និងការជឿជាក់រវាងគ្នាទៅវិញទៅមក រួមទាំងអ្វីដែលបានកំណត់ខាងលើ។
បន្ថែមលើនេះ ភាគីទាំងពីរទទួលស្គាល់ថា ខ្លួនមានសិទ្ធិធ្វើសេចក្តីថ្លែងការណ៍ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។ ដើម្បីលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ ភាគីទាំងពីរនឹងប្តេជ្ញាអនុវត្តការអត់ធ្មត់ក្នុងទំនាក់ទំនងសាធារណៈ ក៏ដូចជាក្នុងការធ្វើសេចក្តីថ្លែងការណ៍នានាដែលធ្វើឱ្យមានអារម្មណ៍អវិជ្ជមានរបស់សាធារណជន ឬបង្កើនភាពតានតឹងរវាងប្រជាជននៃប្រទេសទាំងពីរ។ ជាថ្មីម្ដងទៀត កម្ពុជាសូមថ្លែងអំណរគុណចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដែលបានជួយរហូតឈានទៅដល់កិច្ចព្រមព្រៀងស្ដីពីវិធានការកសាងទំនុកចិត្តទាំងនេះ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការគាំទ្រពេញលេញចំពោះដំណើរការផ្សះផ្សា ដែលខ្លួនបានផ្តួចផ្តើម និងមានជំនឿថា ច្បាប់អន្តរជាតិ ផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនានាដោយសន្តិវិធី។
ទី២. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករលើសពី ១លានតោន ក្នុងឆ្នាំ២០២៦ នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោនហើយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីចាត់ទុកថា នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មកម្ពុជាទាំងមូល។
សូមបញ្ជាក់ជូនថា កម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសនាំអង្ករចេញធំៗក្នុងពិភពលោកហើយបរិមាណអង្ករនាំចេញរបស់កម្ពុជាបានកើនឡើងជាលំដាប់ពោលគឺកើនពីជាង៥៣ម៉ឺនតោនក្នុងឆ្នាំ២០១៥ ដល់៩៤ម៉ឺនតោនក្នុងឆ្នាំ២០២៥ និងលើសពី ១លានតោន ក្នុងឆ្នាំ២០២៦ នេះ។ រាជរដ្ឋាភិបាលកម្ពុជា តាំងពីក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដែលទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។ ក្រៅពីការនាំចេញ, វិស័យកសិកម្មក៏ដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិសុខស្បៀងនៅក្នុងប្រទេស។
ជាក់ស្តែង ក្នុងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុចដែលដាក់ចេញដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី មាន២ចំណុចពាក់ព័ន្ធនឹងវិស័យកសិកម្មពោលគឺចំណុចទី៥ និយាយពីការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល និងចំណុចទី៦ និយាយពីការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មតាមឃុំសង្កាត់។ គិតត្រឹមខែតុលា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានបញ្ចេញហិរញ្ញប្បទានពិសេសចំនួន១៧០លានដុល្លារ ក្នុងគោលបំណងរក្សាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃកសិផល។ គិតត្រឹមរយៈពេលដូចគ្នា មន្ត្រីបច្ចេកទេសចំនួន ១៦០០នាក់ ស្មើនឹងជាង៩១% នៃឃុំ/សង្កាត់ទូទាំងប្រទេសត្រូវបានដាក់ពង្រាយរួចស្រេចដើម្បីគាំទ្រប្រជាកសិករដល់មូលដ្ឋានផ្ទាល់៕
សូមអរគុណ!