ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជូនបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន៖
ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានហៅលោក អ៊ុំ សំអាន ថា ជា «អ្នកក្លាហានដើរស្រាតខោលើកពានជ័រ» ពីព្រោះតាមរយៈអ្វីដែលលោក អ៊ុំ សំអាន បាននិយាយរយៈពេលពីរសប្តាហ៍ចុងក្រោយនេះបានបង្ហាញច្បាស់ថា លោក អ៊ុំ សំអាន គ្មានភស្តុតាង គ្មានឯកសារសំអាងអ្វីទាំងអស់ មកបង្ហាញដើម្បីការពារការចោទប្រកាន់របស់ខ្លួនមកលើរាជរដ្ឋាភិបាល ដោយលោក អ៊ុំ សំអាន បានសារភាពថា គាត់គ្រាន់តែលឺគេថា លឺតាមព័ត៌មាន និងឃើញការផ្សាយរបស់ទូរទស្សន៍ថៃ និងដឹងតាមញៀនពិសេស ដែលជារឿងដ៏គួរឱ្យអស់សំណើច។
សម្តេចធិបតីបញ្ជាក់ថា ក្រុមអង្គការចាត់តាំងមួយដែលមានចរិតនយោបាយតែងតែចោទប្រកាន់រាជរដ្ឋាភិបាលថា បានឯកភាពកាត់ទឹកដីឱ្យថៃដែលមានន័យស្មើនឹងក្បត់ជាតិ ជាពិសេសពួកគេយកបញ្ហាព្រំដែនធ្វើជារបៀបវារៈនយោបាយក្នុងគោលដៅកេងចំណេញតាមរយៈការមួលបង្កាច់រាជរដ្ឋាភិបាលថា កាត់ដីឱ្យប្រទេសថៃ។ ក្នុងស្ថានភាពនេះ សម្តេចមានការចាំបាច់ត្រូវឆ្លើយតបដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំ។ នេះជាមូលហេតុដែលសម្តេចអញ្ជើញលោក អ៊ុំ សំអាន មកបកស្រាយការចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៩ ឱ្យថៃ។ សម្តេចធិបតីបញ្ជាក់ថា សម្តេចមិនចង់ឆ្លើយឆ្លងជាមួយខ្មែរនិងខ្មែរទេ ពីព្រោះនេះជាពេលវេលាដែលខ្មែរគ្រប់គ្នា គ្រប់និន្នាការ ត្រូវផ្តោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ប៉ុន្តែ រាជរដ្ឋាភិបាលមានកាតព្វកិច្ចត្រូវឆ្លើយតបចំពោះការចោទប្រកាន់ មួលបង្កាច់ដ៏ធ្ងន់ធ្ងរនេះ។
សម្តេចធិបតី បានចាត់ទុកលក្ខខណ្ឌនានាដែលលោក អ៊ុំ សំអាន បានបង្កើតជាបន្តបន្ទាប់ដើម្បីបានចូលមកកម្ពុជា ថាជាហេតុផលដើម្បីដោះខ្លួន ពីព្រោះគាត់គ្មានឯកសារមកបង្ហាញឡើយ។ សម្តេចធិបតី ក៏បានពន្យល់ថា ការឆ្លើយតបបញ្ហានេះ គឺមិនសំដៅលើលោក អ៊ុំ សំអាន តែម្នាក់ទេ តែសំដៅលើប្រព័ន្ធអង្គការចាត់តាំងមួយដែលតែងតែនិយាយភូតកុហក មួលបង្កាច់ រាជរដ្ឋាភិបាលរឿងព្រំដែន។ តាមរយៈពាក្យសម្តីរបស់លោក អ៊ុំ សំអាន ប្រជាពលរដ្ឋបានយល់ច្បាស់ហើយថា លោក អ៊ុំ សំអាន និងក្រុមបក្សពួកគាត់ទាំងអស់បាត់បង់ភាពជឿជាក់ពីប្រជាពលរដ្ឋរួចស្រេចទៅហើយ។ ដូច្នេះ ពេលដែលលោក អ៊ុំ សំអាន និងបក្សពួកគាត់និយាយពីរឿងព្រំដែនលើកក្រោយ គ្មាននរណាជឿទៀតឡើយ។ នេះជាអ្វីដែលសម្តេចធិបតីចង់បាន។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានពន្យល់ប្រជាពលរដ្ឋយ៉ាងច្បាស់អំពីបង្គោលព្រំដែនចន្លោះលេខ ៥២ និង ៥៩ និងការទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលអំពីបញ្ហាព្រំដែន។ សម្តេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវឱ្យខ្មែរសាមគ្គីគ្នា និងទុកឱកាសឱ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយមិនត្រូវយកពេលមកឈ្លោះគ្នារវាងខ្មែរនិងខ្មែរនោះឡើយ។
ទី២. នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE និងជាសេនាធិការកងទ័ពហ្វីលីពីនព្រមទាំងគណៈប្រតិភូបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេបជូនគណៈប្រតិភូអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្ត្រច្រកបឹងត្រកួន ដោយបានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរព និងអនុវត្តបទឈប់បាញ់ ព្រមទាំងសេចក្តីប្រកាសរួមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ បទបង្ហាញក៏បានរំលេចពីបញ្ហាប្រឈម និងក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពជាច្រើនដែលបាននិងកំពុងបន្តកើតឡើងដែលមិនស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ និងច្បាប់អន្តរជាតិ។ សកម្មភាពទាំងអស់នេះគួរតែត្រូវបានបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ទំនុកចិត្តរវាងប្រទេសទាំងពីរ។
ការអញ្ជើញចុះមកកាន់ទីតាំងដោយផ្ទាល់របស់សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ហ្វីលីពីនក្នុងនាមប្រធានប្តូរវេន ក៏ដូចជាសមាជិកអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់របស់កម្ពុជា ក៏ដូចជាការគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាឱ្យសម្រេចបាននូវដំណោះស្រាយមួយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។
ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ភាគីទាំងពីរ (កម្ពុជា-ហ្វីលីពីន) បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុមអ្នកសង្កេតការណ៍ AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។
ទី៣. អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕