ឯកឧត្តម ប៉ែន បូណា៖ ការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល មិនពិបាកដូចកាលពេលដែលថ្នាក់ដឹកនាំរបស់យើងបានលះបង់ដើម្បីកសាងសមិទ្ធផលទាំងនោះឡើយ!

«សមិទ្ធផលដែលយើងមានសព្វថ្ងៃ ទាំងជីវិត ទាំងសន្តិភាពនិងការអភិវឌ្ឍន៍ គឺជាលទ្ធផលនៃការតស៊ូ លះបង់របស់ថ្នាក់ដឹកនាំរៀមច្បងរបស់យើងដោយដាក់ជីវិតជាដើមទុន។ ដូច្នេះ យើងទាំងអស់គ្នាដែលជាអ្នកទទួលផលត្រូវតែការពារសមិទ្ធផលទាំងនោះឱ្យបានគង់វង្ស និងបន្តពូនជ្រុំឱ្យកាន់តែរីកចម្រើនថែមទៀត» នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងការងារព័ត៌មាន និងសាធារណមតិ ប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)» នៅសាលាខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា បន្តថា ការពារសមិទ្ធផលរបស់រៀមច្បងដែលបន្សល់ទុក មិនពិបាកដូចកាលពេលដែលថ្នាក់ដឹកនាំរបស់យើងបានតស៊ូ និងលះបង់ដើម្បីកសាងប្រទេសឡើងវិញបានដូចសព្វថ្ងៃនោះឡើយ ពីព្រោះ វាមិនទាមទារឱ្យយើងលះបង់ធំពេកទេ ពោលគឺគ្រាន់តែទាមទារឆន្ទៈ និងការតាំងចិត្តឱ្យបានមុតមាំក្នុងការងារតែប៉ុណ្ណោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យក្រុមការងារព័ត៌មាននិងនាំពាក្យខេត្តស្ទឹងត្រែង ក៏ដូចជាក្រុមការងារថ្នាក់ជាតិ និងក្រោមជាតិទាំងអស់ធ្វើការកុំខ្លាចនឿយហត់ ហើយបើហត់ត្រូវគិតថា ថ្នាក់ដឹកនាំរបស់យើង ហត់នឿយជាងយើងរាប់រយ រាប់ពាន់ដង ខណៈដែលវីរកងទ័ពជួរមុខលំបាកជាងយើងឆ្ងាយណាស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានធ្វើបទបង្ហាញយ៉ាងច្បាស់លាស់ជូនដល់សិក្ខាកាមអំពីព័ត៌មាននិងសាធារណមតិ ក៏ដូចជាការងារប្រតិកម្មនិងបុរេសកម្ម ដើម្បីរក្សាគុណតម្លៃសន្តិភាព និងផ្លែផ្កាដែលបានមកពីសន្តិភាព ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងកូនចៅខ្មែរតជំនាន់ទៅមុខទៀត។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានអញ្ជើញធ្វើជាអធិបតី ដោយមានវត្តមានចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ពី ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងវត្តមានប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារព័ត៌មាននិងសាធារណមតិ យុវជន នៅឃុំ សង្កាត់នៅទូទាំងខេត្ត រួមនឹងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង សរុបប្រមាណជាង ២៥០នាក់៕